Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«សួនសៀវភៅ» នៅផ្លូវថ្មើរជើង កន្លែងដែលអាចចូលអង្គុយអាន និងខ្ចីសៀវភៅបាន១សប្តាហ៍

08-04-2025 19:25

(ភ្នំពេញ)៖ «សួនសៀវភៅ» នៅផ្លូវថ្មើរជើង ដែលត្រូវបានបង្កើតដោយសមាគមបណ្ណាល័យគំនិត ក្រោមកិច្ចគាំទ្រពីសាលារាជធានីភ្នំពេញ គឺជាកន្លែងដែលលោកអ្នកអាចចូលអង្គុយអាន និងខ្ចីសៀវភៅបានដល់ទៅ ១សប្តាហ៍។

ស្ថិតនៅសួនច្បារព្រះបរមរាជវាំង ទល់មុខព្រះអង្គដងកឺ «សួនសៀវភៅ» ត្រូវបានបើកដំណើរការជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ដើម្បីកម្ពស់វប្បធម៌អំណាននៅកម្ពុជា។ ក្រៅពីសាធារណជន អាចចូលអង្គុយ អានដោយសេរី និងខ្ចីសៀវភៅនោះ ពួកគាត់ក៏អាចចូលរួមបរិច្ចាគសៀវភៅចាស់ៗ បានផងដែរ។

ព្រះតេជគុណ រឹម ណាំឈីវ ព្រះប្រធានសមាគមបណ្ណាល័យគំនិត បានឲ្យដឹងថា «សួនសៀវភៅ» ទើបត្រូវបានដាក់ឲ្យដំណើរការប៉ុណ្ណោះ ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន ដែលដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង។

សមាគម បានយកការបរិច្ចាគថវិកាពីសប្បុរសជន ទិញកន្ទេល និងកៅអីកំណាត់ ដើម្បីដាក់នៅ «សួនសៀវភៅ» ដើម្បីឲ្យអ្នកដើរលេងកម្សាន្ត អាចចូលអង្គុយសម្រាកផង និងអានសៀវភៅផងដែរ។ ចំពោះការខ្ចីសៀវភៅយកទៅអាន គឺលោកអ្នកគ្រាន់តែផ្តល់ឈ្មោះ និងលេខទូរសព្ទប៉ុណ្ណោះ៕