Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា តែ តាំងប៉ បានចូលរួមបើកកម្មវិធីសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលស្តីអំពី លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា នៅខេត្តកំពង់ធំ

29-03-2025 15:29

(កំពង់ធំ)៖ នាថ្ងៃសៅរ៍ ១កើត​ ខែចែត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ បានអញ្ជើញចូលរួមជាគណៈធិបតី ក្នុងកម្មវិធីសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា» ដោយមានគណៈធិបតីអញ្ជើញចូលរួម ឯកឧត្តម ទេព ភិយ្យោរិន្រ្ទ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ​ និង លោក គី សុខគីម នាយកប្រតិបត្តិ មូលនិធិអភិវឌ្ឍន៍ជំនាញ។

សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនេះរៀបចំដោយ FASMEC និងក្រុមហ៊ុន MIV ក្រោមជំនួយថវិការ បដិភាគមូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសហគ្រិនខ្មែរ(KE) ព្រមទាំងចូលរួមសហការណ៍ដោយ ធនាគារកាណាឌីយ៉ា ផងដែរ ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ នៅសាលាខេត្តកំពង់ធំ។

គោលបំណងនៃវគ្គបណ្ដុះបណ្តាលនេះនឹងផ្តល់នូវចំណេះដឹងដល់សិក្ខាកាមដូចជា៖

* ការយល់ដឹងកាន់តែស៊ីជម្រៅអំពីមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា
* យល់ដឹងពីលក្ខខណ្ឌ ការរៀបចំលិខិតស្នាម និងតម្រូវការសំខាន់ៗនៃការទទួលបានប្រាក់កម្ចី
* យល់ដឹងអំពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម
* យល់ដឹងពីបញ្ហាប្រឈមទូទៅដែលសហគ្រាសធុនតូច និងមធ្យមជួបប្រទះក្នុងការទទួលបានហិរញ្ញប្បទាន
* យល់ដឹងអំពីលក្ខណៈវិនិច្ឆ័យ ឬតម្រូវការរបស់ធនាគារ (5C)
* ទទួលបានចំណេះដឹងអំពីការបរិយាបន្នហិរញ្ញប្បទាន
* យល់ដឹងអំពីដំណើរការនៃការចុះឈ្មោះអាជីវកម្ម។