Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំរៀបចំ «សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

20-03-2025 18:51

(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរវប្បធម៌ វិចិត្រសិល្បៈ រាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំ «សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នាឆ្នាំម្សាញ់ ឆ្នាំ២០២៥នេះ ឱ្យបានល្អបំផុត ដោយសារថា «សង្ក្រាន្ដ» នេះ រាជរដ្ឋាភិបាលកំពុងរៀបចំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកអរូបីយ។

ការណែនាំបែបនេះរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ខណៈលោកបានអញ្ជើញជាអធិបតី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ «សង្ក្រាន្តវត្តភ្នំ» ២០២៥ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ ខាងមុខនេះ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានថ្លែងថា៖ «ថ្មីៗនេះ មានបណ្តាញសង្គមមួយនោះ បានចុះផ្សាយព័ត៌មានខុសពីការពិត ដោយថា «ភ្នំដូនពេញ ក្លាយជាទីកន្លែងសក្ការៈរបស់យួនហើយ»។ ការបង្ហោះនូវព័ត៌មានក្លែងក្លាយ ខុសពីការពិតនេះ ពួកគេធ្វើឡើង ដើម្បីបំផ្លាញជាតិរបស់យើង»។

លោកបញ្ជាក់ថា ពួកអគតិតែងតែប្រឆាំងនៅពេលដែលពួកគេបានដឹងថា រាជរដ្ឋាភិបាលបង្កើតបាននៅសមិទ្ធផលធំៗជូនជាតិ។ ជាក់ស្តែងពេលនេះ រាជរដ្ឋាភិបាលរបស់យើងកំពុងរៀបចំ «សង្ក្រាន្ដ» នេះ ដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកអរូបីយ៍ ទើបពួកគេបង្កើតឱ្យមានជាព័ត៌មានក្លែងក្លាយ ខុសពីការពិតនេះឡើង។ ដូច្នេះទេ សូមឱ្យទាំងអស់គ្នារៀបចំ «សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ខាងមុខនេះ ឱ្យបានល្អបំផុត។

«សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ មានរយៈពេល ០៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ហើយក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ «សង្ក្រាន្តវត្តភ្នំ» នេះ បានលើកឡើងពីការរៀបចំជាកន្លែងទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញឧបករណ៍តន្ត្រីបុរាណជាដើម។ បន្ថែមពីនេះ កិច្ចប្រជុំនេះក៏បានលើកឡើងពីការគិតគូរលើការជួសជុលសួនកុមារ ជួសជុលនាឡិកា ជួសជុលរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តុបតែងភ្លើងបន្ថែមទាំងនៅខាងក្នុង និងខាងក្រៅរមណីយដ្ឋានវត្តភ្នំ និងតំបន់ជុំវិញវត្តភ្នំ។

បន្ថែមពីនេះ «សង្ក្រាន្តវត្តភ្នំ» ក៏នឹងត្រូវភ្ជាប់ជាមួយផ្លូវថ្មើរជើង (Walk Street) ភ្នំពេញផងដែរ ពោលគឺផ្លូវថ្មើរជើង នឹងបើកបន្តទៅដល់ទៅ៥ថ្ងៃ ដោយបន្ថែម៣ថ្ងៃ នៃថ្ងៃចូលឆ្នាំរហូតបញ្ចប់បុណ្យចូលឆ្នាំថ្មី៕