Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «យើងត្រូវតែហ៊ានវះកាត់ខ្លះ តម្រឹមខ្លះ កែសម្រួលខ្លះ ដើម្បីជួយវិស័យឯកជនក្នុងការវិនិយោគឲ្យបានលឿន និងអស់ថោក» (Video inside)

20-03-2025 12:40

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា​ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែហ៊ានវះកាត់ខ្លះ តម្រឹមខ្លះ កែសម្រួលខ្លះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយវិស័យឯកជន ក្នុងការវិនិយោគ ឲ្យបានលឿន ឲ្យបានអស់ថោក និងមានប្រសិទ្ធភាព។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ទាន់តែយើងហ៊ានវះកាត់ខ្លះ តម្រឹមខ្លះ កែសម្រួលខ្លះ ឲ្យយើងប្រសិទ្ធភាពខ្ពស់ ដើម្បីជួយវិស័យឯកជន ក្នុងការវិនិយោគនៅក្នុងស្រុក ឲ្យបានលឿន ឲ្យអស់ថោក និងឲ្យប្រសិទ្ធភាព ទើបហៅគេមកវិនិយោគបានច្រើន»

ស្របជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តើត្រូវទៅនិយាយ អំពីការប្រកួតប្រជែងសេដ្ឋកិច្ចយ៉ាងម៉េច? បើវិស័យឯកជន ត្រូវការរដ្ឋគាំទ្រ តែរដ្ឋអត់មានប្រសិទ្ធភាព ហើយគ្រាន់តែប្រសិទ្ធភាពការងារ ក៏ថ្លៃខ្ពស់ជាងគេ និងស្មុមស្មាញជាងគេ ត្រូវទៅប្រកួតប្រជែងសេដ្ឋកិច្ច ជាមួយគេយ៉ាងម៉េចទៅ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យត្រូវធ្វើយ៉ាងណា កែទម្រង់ជាប់ជាប្រចាំ ហើយឲ្យប្រសិទ្ធភាពឲ្យកាន់តែល្អ ហើយធ្វើយ៉ាងម៉េច គណនេយ្យភាព និងការទទួលខុសត្រូវ ឲ្យបានជាប់ជាប្រចាំ និងមានទំនួលខុសត្រូវខ្ពស់ផងដែរ។

ពាក់ព័ន្ធនឹងការផ្ដល់សេវា នៅតាមក្រសួង-ស្ថាប័ន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់ឲ្យធ្វើយ៉ាងម៉េច ត្រូវរកវិធីកាត់បន្ថយ ជាពិសេសតម្លៃ បើប្រៀបធៀបនឹងពីមុន ទោះបីជាមិនល្អជាងមុន តែក៏មិនត្រូវអាក្រក់ជាងមុននោះទេ។

បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហើបថា សេវារបស់រដ្ឋ មានជាង៣ពាន់សេវាឯណោះ៕