Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ បើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែ តម្លៃជាង១០មឺិនដុល្លារ ជូនពលរដ្ឋ

28-10-2016 10:31

(ភ្នំពេញ)៖ សាលាពោធិ៍សែនជ័យ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ បានចុះបើកការដ្ឋានជួលជុលផ្លូវបេតុង ១ខ្សែ មានប្រវែង៦៦៥ម៉ែត្រ ទទឹង៥ម៉ែត្រ ស្មើនឹង៣,៣២៥ម៉ែត្រក្រឡា និងសរុបជាទឹកប្រាក់ ជាង១០ម៉ឺនដុល្លារ។ ទីតាំងផ្លូវនេះស្ថិតក្នុងភូមិត្រាញ់ត្របាញ់ សង្កាត់ភ្លើងឆេះរទេះ និងភូមិស្រែ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ការចុះបើកការដ្ឋានជុសជុលផ្លូវនេះ បានធ្វើឡើងក្រោមវត្តមាន លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ, អភិបាលខណ្ឌ, អភិបាលរង អធិការខណ្ឌ, មេបញ្ជារការកងរាជអាវុធហត្ថខណ្ឌ, ព្រមទាំងមន្ត្រីសាលាខណ្ឌ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

លោក ហែម ដារិទ្ធិ បានប្រាប់ឲ្យដឹងថា ផ្លូវបេតុងឆ្អឹងដែកដែលស្ថាបនា នាពេលនេះ ធ្វើឡើងក្រោមគម្រោងអភិវឌ្ឍន៍ ប្រើប្រាស់ថវិការបស់សាលាខណ្ឌ តាមស្ថានភាពបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្លូវលូ និងប្រឡាយជាដើម ដែលមានការខូចខាត ដើម្បីឆ្លើយតបទៅនឹងប្រសាសាន៍របស់ថ្នាក់ដឹកនាំ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ
យ៉ាងយកចិត្តទុកដាក់លើ ការងាររៀបចំប្រព័ន្ធលូ ប្រឡាយ អណ្តូង ជួសជុលផ្លូវ និងបញ្ហាសម្រាម។

លោក ហែម ដារិទ្ធិ បានបន្តថា ជាក់ស្តែងក្នុងឆ្នាំ២០១៦នេះ មានគម្រោងអភិវឌ្ឍន៍ចំនួន ៦សង្កាត់ គឺសង្កាត់កាកាប, សង្កាត់ចោមចៅ, សង្កាត់ឪឡោក, សង្កាត់ត្រពាំងក្រសាំង, សង្កាត់កន្ទោក និងសង្កាត់ភ្លើងឆេះរទេះ ក្នុងផែនការអភិវឌ្ឍមូលដ្ឋាន រហូតលេចចេញជារូបរាង៕