សម្តេចតេជោ ហ៊ុន សែន អំពាវនាវឧកញ៉ា ជួយវិនិយោគលើវិស័យកសិកម្ម, ជួយទិញអង្ករលក់ជូនកម្មករក្នុងតម្លៃទាប និងបង្កើតរោងចក្រកែច្នៃស្វាយចន្ទី (Video inside)
14-03-2025 20:36
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានអំពាវនាវដល់ឧកញ៉ា ជួយវិនិយោគលើវិស័យកសិកម្ម ដែលក្នុងនោះ មានដូចជាការជួយទិញអង្ករ មកលក់ជូនកម្មករក្នុងតម្លៃទាប ក៏ដូចជាការបង្កើតរោងចក្រកែច្នៃស្វាយចន្ទីជាដើម។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យសមាគមឧកញ៉ា ដែលមានអ្នកវិនិយោគច្រើននៅទីនេះ ជួយទៅដល់វិស័យកសិកម្ម ការគាំទ្រនូវតម្លៃស្រូវ និងតម្លៃកសិផល ជាពិសេសតម្លៃស្រូវ ច្រើនតែពិបាក»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលដែលវិបត្ដិស្រូវ ដែលប្រជាជនត្រូវការលក់ មានឧកញ៉ាខ្លះ គាត់ត្រូវការជួយឧបត្ថម្ភប្រជាជនជាអង្ករ ដូច្នេះឧកញ៉ាទាំងអស់ អាចទៅជួយទិញស្រូវ ដើម្បីមកកិនទៅជាអង្ករ ហើយយកទៅចែកចាយជូនប្រជាជន ឬក៏ដូចជាកម្មកររបស់ខ្លួន។
បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឲ្យគួរតែពិនិត្យអំពីការខិតខំ ដើម្បីបង្កើតតម្លៃបន្ថែម តាមរយៈនូវផលិតកម្មកសិកម្ម ដែលកម្ពុជាមានច្រើនណាស់ ដូចជាស្វាយចន្ទីជាដើម ដែលកម្ពុជាកំពុងតែប្រែក្លាយទៅជាប្រទេស ដែលដាំស្វាយចន្ទីស្រស់ច្រើងជាងគេ នៅលើពិភពលោកផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើសិនជាកម្ពុជា ដាំដំណាំឧស្សាហកម្មបានច្រើន ដូចជាស្វាយចន្ទី ទន្ទឹមនឹងលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ ក៏អាចបង្កើតបាននូវ គម្រប់ព្រៃឈើកាន់តែធំ ដែលធានាឲ្យភាពបៃតង របស់កម្ពុជា ដែលចំណុចនេះ គួរតែត្រូវបានរួមគ្នា ឲ្យកម្ពុជាក្លាយទៅជាកសិឧស្សាកម្ម និងកសិពាណិជ្ជកម្ម៕