Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងធ្នឹមបណ្តោយទាំង ៩ប្រឡោះរួចរាល់ហើយ

09-03-2025 13:09

(ភ្នំពេញ )៖ ធឹ្នមបណ្តោយស្ពានទាំង ៩ប្រឡោះ (មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ តាមបណ្តោយផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ។ នេះបើតាមបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ។

លោក ផន រឹម បានបន្ថែមថា គម្រោងសមិទ្ធផលស្ពានគួរជាទីមោទកភាពនេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ បានសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

កិច្ចការបន្ទាប់គឺជាដំណើរការរុះរើរន្ទា ( Erection Marchine )រៀបចំចាក់បេតុងធ្នឹមកាត់ទទឹង, ចាក់បេតុងកម្រាល, រៀបចំបង្កាន់ដៃ និងចាក់AC(Asphalt concrete)បំពាក់ស្លាកសញ្ញាសុវត្ថភាព ជាកិច្ចបង្ហើយ។

សូមជម្រាបជូនថា ស្ពាននេះនឹងត្រូវដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ និងគ្រោងបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែមិថុនា ឆ្នាំ២០២៥នេះ៕