Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទូលថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

07-03-2025 15:30

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ខេង សំវ៉ាដា បានទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ។

នៅក្នុងសារលិខិតថ្វាយព្រះពរនេះ មានខ្លឹមសារដូចនេះថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីការទូតកម្ពុជាទាំងអស់ ដែលកំពុងបំពេញបេសកកម្មការទូតនៅបរទេស ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូកតវេទិតាធម៌ និងគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះសម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែ​លះបង់ព្រះកាយពល ព្រះបញ្ញាញាណ និងព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ជួយដល់ប្រជារាស្ត្រទីទាល់ក្ររបស់ព្រះអង្គ ជាពិសេសការលើកកម្ពស់គុណតម្លៃ សិទ្ធិ និងតួនាទីស្ត្រីកម្ពុជាឱ្យមានការ យល់ដឹងកាន់តែទូលំទូលាយ និងត្រូវបានទទួលស្គាល់កាន់តែខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសទិវាដ៏បវរថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមក្រាបលំឱនកាយបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាវីរក្សត្រ និងព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោះព្រំ ប្រទានព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីទ្រង់បន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនា ដល់ប្រជារាស្ត្រខ្មែរ ជាកូន ចៅ ចៅទួត ជាទីស្រឡាញ់របស់ព្រះអង្គជានិច្ចនិរន្តរ៍។

សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ និងភរិយា៕