Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥

07-03-2025 15:00

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និង ភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ទីរ ប.ទ.ខេត្ត សរុបប្រមាណ៣៨០នាក់។

លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានថ្លែងថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ ក្រសួងកិច្ចការនារី បានជ្រើសរើសយកប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» ក្នុងគោលបំណងរំលេចនូវសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តីនិងក្មេងស្រី នៅលើគ្រប់វិស័យ ដែលឆ្លើយតបនឹងបរិបទនៃការវិវត្តរបស់សង្គម និងស្របតាមចក្ខុវិស័យ ដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងការកោតសរសើរចំពោះការដឹកនាំរបស់ លោកស្រីកិត្តិបណ្ឌិត អ៉ឺង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងសម្របសម្រួល ជាពិសេសការខិតខំជំរុញឱ្យការលើកកម្ពស់សមភាពយេនឌ័រ និងកាលានុវត្តភាពនានា សម្រាប់ស្ត្រីកម្ពុជានាពេលបច្ចុប្បន្ន និងនាពេលអនាគតឱ្យកាន់តែមានភាពប្រសើរឡើង។

លោករដ្ឋមន្ត្រីបានបន្តថា ការជំរុញការចូលរួមរបស់ស្ត្រីនិងក្មេងស្រីនៅក្នុងវិស័យបច្ចេកវិទ្យានេះ មិនត្រឹមតែផ្តល់អំណាចសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថលនោះទេ ថែមទាំងអាចលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនកាលានុវត្តភាពនិងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រី ក្នុងនាមជាថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងមន្ត្រីនៅក្នុងស្ថាប័នសាធារណៈ និងសហគ្រិននៅក្នុងវិស័យឌីជីថលផងដែរ៕