Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប ចាប់ផ្តើមជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន៥៥៥រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

07-03-2025 10:54

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងលេខ ០០៦ គ.ជ.ប.ស.ជ.ណ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង២៥ ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ៥៥៥រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដែលមានមុខតំណែងដូចខាងក្រោម៖

១៖ គ្រូបង្ហាត់ ចំនួន ៤២៤រូប
២៖ ជំនួយការរដ្ឋបាល ចំនួន ២១រូប
៣៖ ជំនួយការគណនេយ្យ ចំនួន ២៥រូប
៤៖ ជំនួយការប្រតិបត្តិការ ចំនួន ២រូប
៥៖ ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម ចំនួន ២១រូប
៦៖ លេខាធិការ ចំនួន ២៥រូប
៧៖ ការីកុំព្យូទ័រ ចំនួន ២៥រូប
៨៖ អ្នកបើកបររថយន្ត ចំនួន ១២រូប។

លោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានថ្លែងថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គ.ជ.ប តែងតែជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយដើម្បីឱ្យបានមន្ត្រីល្អ ដែលមានសមត្ថភាព និងមានបទពិសោធគ្រប់គ្រាន់ ចូលមកបំពេញការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព ដែលធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នំា២០២៥ ប្រព្រឹត្តទៅដោយរលូនល្អ គ.ជ.ប តែងតែធ្វើការជ្រើសរើសដោយមានតម្លាភាព គឺប្រកួតប្រជែងតាមរយៈការប្រឡង។

លោក យ៉ង់ សក្តិ បានថ្លែងថា លេខាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ ក៏ដូចជាលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥ ផងដែរ គឺចាប់ផ្តើមចែកពាក្យ និងទទួលពាក្យសុំប្រឡងចូលបម្រើការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ចាប់ផ្តើម​ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ (វេម៉ោង ១៧:៣០នាទីល្ងាច)៕