Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សោម ស៊ុន អញ្ជើញបញ្ចុះបឋមសីលាសាងសង់កុដិនៅវត្តស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្តាន់

01-03-2025 15:28

(កំពង់ធំ)៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ លោក សោម ស៊ុន អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រួមជាមួយសហការី បានអញ្ជើញក្រុងពាលី បញ្ចុះបឋមសីលាសាងសង់កុដិ១ខ្នង នៅវត្តបទុមសាគរ ហៅវត្តស្រែវាលខាងកើត ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមជំនួយឧបត្ថម្ភសាងសង់របស់ ពុទ្ធបរិស័ទចំណុះជើងវត្ត និងជំនួយឧបត្ថម្ភរបស់ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោកតា វង់ យ៉ុល គណៈកម្មការអាចារ្យវត្ត តំណាងព្រះតេជគុណ ជុំ ម៉ុត ព្រះគ្រូចៅអធិការវត្តស្រែវាលខាងកើត បានឡើង​រាយការណ៍​អំពី​គម្រោង​ផែនការ​នៃការ​សាងសង់​ដុថ្មីនេះ​ ធ្វើ​បេតុង​ប្រក់ក្បឿង​តាម​រចនាបថ​ខ្មែរ​ ដែល​មាន​ទំហំ៩៦​ម៉ែត្រ​ការ៉េ​ និងបាន​​សូមគោរព​ថ្លែងអំណរគុណលោក សោម ស៊ុន និងក្រុមការងារ ដែលបានចួលរួមប្រគេនទេយ្យទាន ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្រាប់ចង្ហាន់ព្រះសង្ឃ និងឥដ្ឋប្រហោងចំនួន ៥,០០០ដុំ និងថវិកាមួយចំនួន ចូលរួមក្នុងការសាងសង់កុដិ១ខ្នង នៅក្នុងទីអារាមនេះ ដើម្បីទុកជាកេរ្តិ៍ដំណែលសម្រាប់វិស័យព្រះពុទ្ធសាសនា ជូនដល់ប្រជាពុទ្ធបរិស័ទគោរពបូជា។

លោក សោម ស៊ុន បានថ្លែងថា ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យអាណាចក្រ និងពុទ្ធចក្រមានការរីកចម្រើនរុងរឿងគួរជាទីមោទនៈ។

បច្ចុប្បន្ននៅកម្ពុជា មានវត្តអារាមជាង ៥,០០០វត្ត និងមានព្រះសង្ឃគង់នៅជាង៧ម៉ឺនអង្គ ដែលជាទីគោរពបូជារបស់ពុទ្ធសាសនិកជន ដែលគោរពប្រតិបត្តិក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

លោកបានអំពាវនាវដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរួមគ្នាថែរក្សាឲ្យបានសុខសន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍន៍ទាំងផ្នែក អាណាចក្រ និងពុទ្ធចក្រ ឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ម៉ឺងម៉ាត់ និងឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕