Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌព្រែកព្នៅ បានជួបសំណេះសំណាលសួរសុខទុក្ខ កម្លាំងសណ្តាប់ធ្នាប់ និងណែនាំពង្រឹងការងារប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធភាព

28-02-2025 15:38

(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាល និងចែកអំណោយអង្ករ ថវិកាជូនដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចំនួន៥០នាក់ ជាការលើកទឹកចិត្តដែលបានខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានសម្ដែងនូវការកោតសរសើរ ចំពោះកម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ដែលកន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ចុះពង្រឹងច្បាប់ចរាចរណ៍ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន។

លោក ធឹម សំអាន បានដាស់តឿនក្រើនរំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ក៏ដូចជាចុះល្បាតក្នុងភូមិសាស្ត្រខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារៈកិច្ចរបស់យើង គឺទន់ភ្លន់ តែមិនទន់ជ្រាយត្រូវតែម៉ឺងម៉ាត់។

លោកអភិបាលខណ្ឌ បានណែនាំដល់កម្លាំងសណ្តាប់ធ្នាប់ ត្រូវរក្សាបានឲ្យសាមគ្គីភាពផ្ទៃក្នុង, កុំឈ្លោះទាស់ទែងគ្នា និងឲ្យជៀសឆ្ងាយគ្រឿងញៀន កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ ហើយបើបុគ្គលណាម្នាក់ លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ។ ចំណុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវរក្សាឲ្យបាន នូវសេចក្តីថ្លៃថ្នូរ កុំប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យទៅលើប្រជាពលរដ្ឋ៕