Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេទ័ពជើងគោកអាមេរិកប្រចាំប៉ាស៊ីហ្វិក នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាសប្ដាហ៍ក្រោយ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី (Video inside)

22-02-2025 19:49

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក, នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (RONALD - P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្ដមរសេនីយ៍ រ៉ូណាល់ ខ្លាក នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅទីបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមេបញ្ជាការទាំងពីរនឹងពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា សំដៅកសាងទំនុកចិត្ត និងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចរបស់ នាយឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក នៅពេលនេះ គឺស្របពេលខួបលើកទី៧៥ ទំនាក់ទំនងការទូតប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក ហើយក៏ជាលើកទី២ដែល មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ដែលលើកទី១ គឺដឹកនាំដោយនាយឧត្តមសេនីយ៍ វ៉ីនសេន ប៊ុក (VINCENT BROOKS) នៅក្នុងឆ្នាំ២០១៤៕