Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាកសំណល់នៅក្នុងរោងចក្រកែច្នៃផ្លែស្វាយនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានយកទៅចាក់ចោលលើផ្លូវ បង្កក្លិនស្អុយពេញផ្សារថ្នល់ទទឹង

20-02-2025 14:29

(កំពង់ស្ពឺ)៖ រោងចក្រកែច្នៃផ្លែឈើយីហោ «សានផ្លាស អ៉ិនធើណេសិនណល ឯ.ក» នៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង បានរងការរិះគន់ជាថ្មី បន្ទាប់ពីថៅកែរោងចក្រ បានចាត់ឲ្យដឹកទឹកស្វាយចេញពីរោងចក្រនេះ ទៅចាក់បង្ហៀលើផ្លូវជុំវិញផ្សារថ្នល់ទទឹង បង្កក្លិនស្អុយរំខានដល់ការរស់នៅ និងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងបរិស្ថាន។

លោកស្រី លីដា ដែលមានមុខរបរលក់ដូរក្នុងផ្សារថ្នល់ទទឹង បានឱ្យដឹងនៅព្រឹកថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២៥ថា ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករក្នុងផ្សារពិតជាពិបាកទ្រាំ និងក្លិនស្អុយដែលបង្កឡើងដោយទឹកស្វាយ ដែលនាំចេញពី រោងចក្រខាងលើនេះណាស់ មិនដឹងថាគេគិតអីនោះទេ។ ម៉េចបានជាយកទឹកស្វាយមកចាក់លើផ្លូវធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅ និងអាជីវកម្មពលរដ្ឋក្នុងផ្សារបែបនេះ។ សូមឱ្យអាជ្ញាធរ និងជំនាញជួយមើលផង បើតែបែបនេះពលរដ្ឋពិបាករស់នៅណាស់ មិនអាចរកស៊ីទទួលទានអីបានទេ ព្រោះគ្មានភ្ញៀវណាគេមកអង្គុយទ្រាំ និងក្លិនស្អុយឆួលបែបនេះនោះទេ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើលោក សាត់ សុវណ្ណ មន្រ្តីរដ្ឋបាលរោងចក្រកែច្នៃផ្លែឈើ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ថា ក្រុមហ៊ុនបានដាក់កុងត្រា ជាមួយក្រុមប្រមូលដឹកកាកសំណល់ ពីរោងចក្ររួចហើយ គឺក្រុមហ៊ុន «វេង សេង ហ្គ្រីន» ក្នុងការដឹកកាកសំណល់ចេញ តែចំពោះក្រុមហ៊ុននោះ ដឹកកាកសំណល់យកទៅណា គឺមិនពាក់ព័ន្ធជាមួយរោងចក្រកែច្នៃឡើយ។

លោក ចាន់ថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានលើកឡើងថា ការដឹកកាកសំណល់រាវចេញពីរោងចក្រដែលមានសារធាតុគីមី ជាអំពើខុសច្បាប់ ក្នុងនោះការយកទៅចាក់ចោលនៅទីសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈជាអំពើខុសច្បាប់ ដែលត្រូវទទួលរងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ។

ទន្ទឹមនោះ លោកបានណែនាំគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ឱ្យចាប់ឃាត់ឡានគ្រាដែលឃើញដឹកកាកសំណល់ហាមឃាត់ ចេញពីរោងចក្រទៅចាក់នៅទីសាធារណៈ ឬទីប្រជុំជនដើម្បីឱ្យទទួលខុសត្រូវចំពោះទង្វើល្មើសរបស់ខ្លួន។

ជាមួយគ្នានេះ ប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ថា កន្លងមកមន្ទីរជំនាញរួមជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ និងស្រុកបានចុះអន្តរាគមន៍បន្ទាន់ម្តងរួចមកហើយ គ្រាដែលរោងចក្រខាងលើបានបង្ហូរកាកសំណល់រាវនេះ ចូលទៅក្នុងប្រឡាយមេតាហោដែលបង្កការប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ពលរដ្ឋ។

លោកបានណែនាំក្រុមហ៊ុន ត្រូវរៀបចំបង្កើតឱ្យមានអាងស្តុកកាកសំណល់រាវឱ្យបានត្រឹមត្រូវដោយមានដាក់ថ្នាំបំបាត់ក្លិនទៅតាមបច្ចេកទេស ការពារការជះក្លិនស្អុយទៅខាងក្រៅ។ ត្រូវសិក្សាបន្ថែមដើម្បីឈានទៅបង្កើត ជាអាងប្រព្រឹត្តិកម្ម។

ចំពោះមុខនេះដែរ ក្រសួងក៏បានកំពុងយកប្រភពកាកសំណល់ក្នុងចក្រខាងលើទៅពិនិត្យនៅក្នុងឡាបូពិសោធន៍របស់ក្រសួង ដើម្បីរកឱ្យឃើញកម្រិតជាតិគីមីដែលប្រើប្រាស់ក្នុងខ្សែសង្វាក់ផលិតកម្មកែច្នៃផ្លែស្វាយនេះផងដែរ៕