Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ ផ្សារ AEON ទី១ មានការផ្តល់សេវាលិខិតស្នាមរថយន្ត និងប័ណ្ណបើកបរ ខណៈ AEON ទី២ នឹងមានកន្លែងធ្វើលិខិតឆ្លងដែន

23-10-2016 15:28

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបំពាក់សេវាធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ នៅលើផ្សារទំនើប AEON ទី២ នៅបែកខាងពាយ័ព្យក្រុងភ្នំពេញ ដែលគ្រោងនឹងបញ្ចប់នៅពេលខាងមុខនេះ ខណៈដែលផ្សារ AEON1 មានផ្តល់ជូនលិខិតស្នាមរថយន្ត និងប័ណ្ណបើកបរឆាប់រហ័ស។ នេះបើតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយអាជ្ញាធរ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធប្រចាំរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ។

នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីលទ្ធផលនៃជំនួបសំណេះសំណាលនេះ។ សម្តេចបានលើកឡើងថា «ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល គឺនៅផ្សារទំនើប AEON1 មានផ្តល់ជូនលិខិតស្នាមរថយន្ត និងប័ណ្ណបើកបរឆាប់រហ័ស ហើយនៅផ្សាទំនើប AEON 2 ក៏នឹងមានកន្លែងធ្វើលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋផងដែរ ក្រោយពីបានសាងសង់រួចជាស្ថាពរហើយនោះ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «សព្វថ្ងៃនេះបច្ចេកវិទ្យាក៏បានជួយសម្រួលដល់សេវាសាធារណៈ បានមួយកម្រិតធំដែរ ដូចជា ការបង់ពន្ឋរថយន្ត និងធ្វើស្លាកលេខ Online, ទិដ្ឋាការ, ការបើកប្រាក់បៀវត្សន៍ និងបង់ពន្ឋតាមកាត ATM និងសេវាផ្សេងៗជាច្រើនទៀត»

ផ្សារទំនើប AEON នៅកម្ពុជា ត្រូវបានបង្កើតឡើងដោយវិនិយោគដោយក្រុមហ៊ុនជប៉ុន AEON Co,.Ltd។ ផ្សារ AEON ទី១ ដែលដាក់ឱ្យដំណើរការកាលពីពាក់កណ្តាលឆ្នាំ២០១៤ ត្រូវបានវិនិយោគក្នុងទឹកប្រាក់ ២០០លានដុល្លារ ហើយស្ថិតនៅ សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។ ដោយឡែក គម្រោងផ្សារ AEON ទី១ កំពុងធ្វើឡើងនៅភាគពាយព្យនៃរាជធានីភ្នំពេញ ក្នុងតម្លៃ១២០លានដុល្លារអាមេរិក ដែលនឹងបញ្ចប់ក្នុងរយៈពេលឆាប់ៗនេះ៕