Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៉ា សុជាតិវង្ស៖ ឆមាសទី១ ឆ្នាំនេះ ទុនវិនិយោគបន្ថែមលើវិស័យសំណង់នៅរាជធានីភ្នំពេញ មានជាង ២ពាន់លានដុល្លារ

23-10-2016 12:28

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៦នេះ គម្រោងសាងសង់បន្ថែមនូវសំណង់អគារផ្សេងៗក្នុងរាជធានីភ្នំពេញចំនួន ៣៧១គម្រោង លើផ្ទៃដីសាងសង់ជាង ៤លានម៉ែត្រកូរ៉េ ជាមួយទុនវិនិយោគជាង ២ពាន់លានដុល្លារអាមេរិក។

លោក ប៉ា សុជាតិវង្ស ថ្លែងបញ្ជាក់ដូច្នេះក្នុងពិធីសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ នៅសាលមហោស្រពកោះពេជ្រ។

លោកអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងផងដែរថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្នមានទីក្រុងរណប អគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូរ សំណង់ និងបុរីផ្សេងៗ ចំនួន ១៣៤កន្លែង និងអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅចំនួន ៧៩១អគារ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានខណ្ឌចំនួន ១២ ស្មើ ១០៥សង្កាត់ ៩៥៣ភូមិ មានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ ១,៦លាននាក់ និងមានប្រជាជនស្នាកនៅបម្រើការងារ ៨សែននាក់៕