Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូនឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ និងលោកជំទាវ ចំពោះមរណភាពលោកជំទាវ គីម អ៉ីសាបែល

04-02-2025 17:22

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកជំទាវ គីម អ៉ីសាបែល ដែលត្រូវជាម្តាយ ម្តាយក្មេក។

តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាល់ដូចនេះថា «ខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោកជំទាវ គីម អ៉ីសាបែល ដែលត្រូវជាម្តាយ ម្តាយក្មេករបស់ ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាពនៅថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវេលា ម៉ោង ៥:០០នាទីព្រឹក នៅប្រទេសបារាំង ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងសម្តែងនូវក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយ ស្រណោះអាឡោះអាល័យ ជាទីបំផុត។ ការបាត់បង់ លោកជំទាវ គីម អ៉ីសាបែល គឺជាការបាត់បង់ម្តាយ ម្តាយក្មេក និងជីដូន ដែលមានព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះកូនៗ ចៅៗ និងញាតិមិត្តជិតឆ្ងាយ ហើយក៏ជាការបាត់បង់ នូវពុទ្ធសាសនិកដ៏ល្អឆ្នើមមួយរូប ដែលតែងតែចូលរួមលើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនានៃ យើងជារៀងរហូតមក។

ជាមួយគ្នានេះ ខ្ញុំ និងភរិយា ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ គីម អ៉ីសាបែល ឆាប់បានយោនយកកំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕