Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទិវាតំបន់ដីសើមអន្តរជាតិ២កុម្ភៈ! មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានជំរុញឲ្យពលរដ្ឋស្រឡាញ់ចូលរួមកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ អភិរក្សជីវចម្រុះ ការរស់នៅ និងអភិវឌ្ឍដោយចីរភាព

04-02-2025 10:47

(កណ្ដាល)៖ ទិវាតំបន់ដីសើមអន្តរជាតិ ២ កុម្ភៈ ក្រោមប្រធានបទ «ការពារតំបន់ដីសើម ដើម្បីអនាគតរបស់យើង» ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល និងលោក សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ នៅក្នុងបរិវេណសាលាបឋមសិក្សា ព្រែកជ្រូក ភូមិព្រែកជ្រូក សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

លោក សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងជំរុញឲ្យមានចលនាប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួមថែរក្សា ការពារ ស្តារ និងអភិរក្សតំបន់ដីសើមនៅកម្ពុជា ជាពិសេសធនធានដែលមាននៅក្នុង និងជុំវិញតំបន់ដីសើម និងកែប្រែផ្នត់គំនិត ឥរិយាបថ របស់ប្រជាពលរដ្ឋយើងឱ្យចេះស្រឡាញ់បរិស្ថាន មានស្មារតីទទួលខុសត្រូវក្នុងការចូលរួម កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការរស់នៅនិងអភិវឌ្ឍន៍ដោយចីរភាព។

លោកបន្តថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ ទិវាតំបន់ដីសើមអន្តរជាតិ ដែលស្របទៅនឹង កម្មវិធីបរិស្ថានសហប្រជាជាតិ មានប្រទេសសមាជិកជាច្រើនតែងបាន ប្រារព្ធទិវានេះ នៅថ្ងៃទី២ កុម្ភៈ ក្នុងគោលបំណងដ៏សំខាន់ លើកកម្ពស់ការយល់ដឹង ដល់ស្ថាប័នពាក់ព័ន្ធ សាធារណជន និងសហគមន៍មូលដ្ឋាន អំពីភាពចាំបាច់ និងអត្ថប្រយោជន៍នៃតំបន់រ៉ាមសារ ដែលជាតំបន់ដីសើម មានសារៈសំខាន់ជាអន្តរជាតិ។

លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានបន្តទៀតថា តំបន់ដីសើមទាំងនេះ មាននៅជុំវិញយើង ហើយជាទីដែលយើងបានពឹងពាក់ និងប្រើប្រាស់ ក្នុងជីវភាពរស់នៅសព្វថ្ងៃ ដូចជា ទីវាលទំនាប អាងស្តុកទឹកធម្មជាតិ បឹងបួរ អូរ ប្រឡាយ ទំនប់ ព្រែក ជ្រោះ ស្ទឹង ទន្លេ ថ្លុក ត្រពាំង ស្រះ ឆ្នេរសមុទ្រ។ល។ ដែលបានផ្តល់ផលប្រយោជន៍ ដ៏មហិមាដល់យើងទាំងអស់គ្នា ដូចជាការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងលំនៅឋានអាជីវកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម សិប្បកម្ម ការស្តុកទឹកទុក និងកាត់បន្ថយឥទ្ធិពលនៃគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ជារនាំងការពារព្យុះ និងការពារពីការបំផ្លិចបំផ្លាញនៃគ្រោះធម្មជាតិ ផ្តល់ផលត្រី និងធនធានជលផល ជាប្រភពចំណីអាហារ សត្វព្រៃ និងសត្វស្លាបទឹកផងដែរ។

សូមជម្រាបថា ដោយមើលឃើញពីភាពចាំបាច់ ក្នុងការរួមចំណែក ការពារអភិរក្ស និងការប្រើប្រាស់តំបន់ដីសើម ធនធានជាច្រើននៃតំបន់ដីសើម ជាពិសេសសត្វស្លាបទឹក រាជរដ្ឋាភិបាលកម្ពុជាក៏បានក្លាយជាសមាជិកពេញសិទ្ធិនៃអនុសញ្ញារ៉ាមសារ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩៩។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមាន តំបន់រ៉ាមសារ ដែលជាតំបន់ដីសើមចំនួន ៥កន្លែង ទី១) តំបន់រ៉ាមសារកោះកាពិ ទី២)តំបន់រ៉ាមសារ ព្រែកទាល់ ទី៣) តំបន់រ៉ាមសារស្ទឹងសែន ទី៤) តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងទី៥) តំបន់រ៉ាមសារស្ទឹងត្រែង៕