Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហៀម ឃួន ដឹកនាំគណៈប្រតិភូខេត្តពោធិ៍សាត់ អញ្ជើញទស្សនកិច្ច និងជូនពរឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

23-01-2025 18:29

(ពោធិ៍សាត់)៖ លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលជួបសម្ដែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ជូនដល់ថ្នាក់ដឹកនាំខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តដុងថាប់ ដោយទទួលបានការស្វាគមន៍ និងរាក់ទាក់ដ៏កក់ក្តៅ ពីសំណាក់ លោក ផាម ធានងា អនុលេខាធិការគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ និងលោក គៀវ ធេឡឹម អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការីមួយចំនួនទៀត។

លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានដឹកនាំគណៈប្រតិភូខេត្តពោធិ៍សាត់ មកចូលរួមអបអរសាទរ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលនេះ។ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្តដុងថាប់ ដែលបានទទួលស្វាគមន៍ និងធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុតចំពោះរូបលោក និងប្រតិភូទាំងអស់។

លោកសូមរំលឹកអំពីការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងស្អិតរមួត រវាងខេត្តយើងទាំង២ (ពោធិ៍សាត់-ដុងថាប់) ក្នុងរយៈកាលកន្លងមក បានផ្លាស់ប្ដូរប្រតិភូខេត្ត ទៅសាកសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃខេត្តទាំង២ ក្នុងស្មារតីមិត្តភាព សាមគ្គីភាព ជាបងប្អូនល្អ និងជាប្រទេសដែលមានភូមិផងរបងជាមួយ។

លោក ហៀម ឃួន បានលើកឡើងថា យើងមិនអាចបំភ្លេចបាន នូវគុណបំណាច់ដ៏ធំធេង របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជា ពលីជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកសង្ឃឹមថា មិត្តភាពល្អឥតងាករេ រវាងកម្ពុជា-វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ លោកសូមប្រសិទ្ធពរបវរមហាប្រសើរ ជូនចំពោះលោក ផាម ធានងា និងលោក គៀវ ធេឡឹម ព្រមទាំង លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្មាភិបាល កងកម្លាំងប្រដាប់អាវុធ នៃគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ និងគណៈប្រតិភូខេត្តពោធិ៍សាត់ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ សូមបានជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕