Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្ត ឆ្នាំ២០២៥ របស់កងទ័ពជើងអាកាស

21-01-2025 15:20

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្ត ឆ្នាំ២០២៥ របស់កងទ័ពជើងអាកាស មូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោកនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងអាកាស ព្រមទាំង លោក លោកស្រី អគ្គមេបញ្ជាការរង លោកឧត្តមសេនីយ និងនាយទាហានជាន់ ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ជាច្រើននាក់ផងដែរ។

សូមជម្រាបដែរថា គោលបំណងនៃពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារឆ្នាំ២០២៥នេះ គឺដើម្បីត្រួតពិនិត្យ និងឆ្លុះបញ្ចាំងនូវរាល់សមិទ្ធផល ដែលជាស្នាដៃរបស់បណ្តាកងឯកភាពស្ថាប័នចំណុះបញ្ជាការដ្ឋានកងទ័ពជើងអាកាស ដែលបានអនុវត្តក្នុងឆ្នាំ២០២៤ កន្លងមក និងពិភាក្សាដកពិសោធន៍ វាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ និងលើកឡើងអំពីបញ្ហាប្រឈម ដើម្បីរួមគ្នាដោះស្រាយ និងដាក់ចេញទិសដៅអនុវត្តការងារបន្តនាឆ្នាំ២០២៥ បន្តទៀត៕