Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលស្រុកស្វាយជ្រំឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកកាំបិតចាក់ពោះបុរសម្នាក់ស្លាប់ ព្រោះតែរឿងគំនុំឈ្លោះគ្នាជាច្រើនដង

17-01-2025 14:30

(ស្វាយរៀង)៖ មានករណីឃាតកម្មមួយដោយសារជនសង្ស័យម្នាក់ បានយកកាំបិតចាក់ពោះបុរសម្នាក់ស្លាប់ កាលពីវេលាម៉ោង ១៨៖៣០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា ឃាតកម្មនេះបង្កដោយជនសង្ស័យឈ្មោះ រ័ត្ន ណាគ្រី អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។ ជនសង្ស័យបានផឹកស្រាស្រវឹង កាន់កាំបិតស្នៀត និងដាវ ដើរទៅចាក់ជនរងគ្រោះឈ្មោះរស់ សាវី អាយុ៤៤ឆ្នាំ មុខរបរកសិករនៅភូមិឃុំជាមួយគ្នា ត្រូវចំនួន២កាំបិត មួយកាំបិតត្រូវចំពោះ និងមួយកាំបិតទៀតត្រូវចំឆ្អឹងជំនីរខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់មកបងប្អូនបានបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យ ពេលដល់កណ្តាលផ្លូវជនរងគ្រោះបានស្លាប់។

លោកបានបន្តថា ក្រោយពេលទទួលព័ត៌មានបានភ្លាម, លោកបានដឹកនាំកម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ និងកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ព្រមទាំងលោក ហែម សារិទ្ធ អភិបាលស្រុក បានចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវទើបដឹងថា ជនសង្ស័យពេលប្រព្រឹត្តបទល្មើសរួចហើយបានរត់គេចខ្លួនចូលទៅលាក់ខ្លួននៅក្នុងផ្ទះបងប្អូន បន្ទាប់មកសមត្ថកិច្ចបានធ្វើព័ទ្ធចាប់ ប៉ុន្តែពេលនោះជនសង្ស័យ មានវត្ថុតាងកាន់ជាប់ និងដៃ ហើយក៏បានវាយផ្ទះបងប្អូនរបស់ខ្លួនបែកកញ្ចក់បង្អួច ទ្វារផ្ទះ និងសម្ភារប្រើប្រាស់ខូចខាតអស់មួយចំនួនទៀត។

ពេលសមត្ថកិច្ចព័ទ្ធចាប់ខ្លួននោះ ជនសង្ស័យបានកាន់វត្ថុតាងកាំបិត ដាវ និងពូថៅតបត រហូតដល់ម៉ោង ២៣និង០០នាទីយប់ ទើបសមត្ថកិច្ចចូលអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាន ភ្លាមនោះមានបងប្អូនជនរងគ្រោះ និងប្រជាពលរដ្ឋជាច្រើននាក់ បានចូលមកវាយត្រូវជនសង្ស័យបណ្តាលឲ្យមានរបួសស្នាម។

លោកបញ្ជាក់ថា មូលហេតុជនសង្ស័យធ្លាប់មានរឿងឈ្លោះគ្នាជាច្រើនលើកជាមួយជនរងគ្រោះ។ លោកវរសេនីយ៍ឯក សោម សុភណ្ឌ័ បានបន្តថា នៅពេលឃាត់ខ្លួនសង្ស័យបានហើយ លោកបានរាយការណ៍ជូនលោក ឧត្តមសេនីយ៍ទោស្នងការ និងបានសុំយោបល់លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕