Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារនៃសពលោក ពៅ នេពីន និងលោក អឿន ចាន់ដារ៉ា ដែលបានពលីក្នុងប្រតិបត្តិការដោះមីន នៅខេត្តឧត្តរមានជ័យ

16-01-2025 22:07

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសមាជិកា និងមន្ត្រីរាជការរដ្ឋសភាទាំងអស់ បានផ្ញើសារចូលរួមរំលែកមរណទុក្ខ យ៉ាងក្រៀមក្រំ និងមានការសោកស្តាយក្រៃលែងបំផុត ជាមួយក្រុមគ្រួសារ សព លោក ពៅ នេពីន និងលោក អឿន ចាន់ដារ៉ា ជាបុគ្គលិកបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានទទួលមរណភាព នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥ វេលា ម៉ោង០៧:៤៥ នាទីព្រឹក ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីន អំឡុងពេលកំពុង ប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រ ពាំប្រាសាទ ខេត្តឧត្តរមានជ័យ ។

ក្នុងវេលាដ៏សែនសោកសង្វេគនេះ សូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងចូលរួមរំលែកទុក្ខ ប្រកបដោយក្តីអាឡោះអាល័យជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃសព ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ នៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា។ មរណភាពរបស់លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន គឺជាការបាត់បង់វីរជនដោះមីនដ៏អង់អាចក្លាហាន ដែលបានចូលរួម ធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈ មនសិការដ៏មោះមុត ស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុមនុស្សធម៌ ជារៀងរហូតមក។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ លោក អឿន ចាន់ ដារ៉ា និង លោក ពៅ នេពីន បានឆាប់ចាប់បដិសន្ធិក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ៕