Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ បង្ហាញនូវសុទិដ្ឋនិយមដោយភាពជឿជាក់ថា ៥ឆ្នាំខាងមុខ កម្ពុជានឹងស្អាតគ្មានសំរាមប្លាស្ទិក

09-01-2025 16:58

(ភ្នំពេញ)៖ ចលនាសំអាតថង់ប្លាស្ទិកយ៉ាងសកម្មនៅតាមដងផ្លូវ របស់សកម្មជនបរិស្ថាន ព្រះសង្ឃ សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋជាង ២ម៉ឺននាក់ គឺបានធ្វើឡើងក្នុងបុព្វហេតុការពារសុខភាពពលរដ្ឋជាង ១៧លាននាក់ ឱ្យចាកផុតពីប្រភពបង្ករមេរោគ គឺសំរាមប្លាស្ទិក ដែលហើររប៉ាត់រប៉ាយនៅតាមដងផ្លូវ។ លើសពីនេះ វាក៏ជាផ្នែកមួយជួយទៅដល់ភាពស្អាតនៅតាមដងផ្លូវ ដែលជាសោភ័ណភាពសម្រាប់ខេត្ត ក្រុងនីមួយៗ នៅស្របតាមបណ្តោយផ្លូវជាតិចម្បងៗផងដែរ។

ហេតុដូច្នេះហើយ ទើបលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហ៊ានបង្ហាញនូវសុទិដ្ឋនិយមដោយភាពជឿជាក់ថា ៥ឆ្នាំខាងមុខ កម្ពុជានឹងស្អាតគ្មានសំរាមប្លាស្ទិកទៀតឡើយ។

រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា កម្ពុជានឹងទទួលបានជោគជ័យ មានភាពស្អាតទាំងដែនគោក ដែនទឹក និងដែនអាកាស នៅពេលខាងមុខនេះ តាមរយៈចលនាស្អាត ស្អាតចេញពីបេះដូងខ្មែរ ដោយមិនចាំបាច់ទាល់តែមានការផាកពិន័យ លើការបោះចោលសំរាម ក៏ប្រជាពលរដ្ឋខ្មែរចេញមករួមគ្នាសំអាត ដើម្បីកម្ពុជាស្អាតគ្មានសំណល់ប្លាស្ទិក ដែលកត្តាទាំងនេះបានផ្តល់នូវភាពចំណេញដល់សុខភាព ផ្នែកទេសចរណ៍ និងសេដ្ឋកិច្ច លើសពីនេះ គឺកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើសកលលោកតែម្តង។

ជាក់ស្តែងទង្វើស្អាតរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសិរីសួស្តីដែលនាំឱ្យកម្ពុជា ឈានទៅមានកេរ្តិ៍ឈ្មោះល្បីខាងផ្នែកស្អាត គឺស្អាតទាំងក្នុងចិត្ត និងស្អាតទាំងខាងក្រៅ ហើយការរស់នៅទៀតសោតក៏មានវិន័យ មិនប៉ោះសំរាមពាសវាលពាសកាលឡើយ ជាមួយគ្នានេះ យើងបានឃើញរួចមកហើយ នូវគំរូភាពជាវិជ្ជមានរបស់សិស្សានុសិស្សកម្ពុជា នៅតាមសាលារៀនដែលពួកគេមិនបោះសំរាមចោលផ្តេសផ្តាស់នោះឡើយ៕