Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីតួកគី៖ «អាមេរិក​បានចូលវាយលុក​អ៊ីរ៉ាក់ ដោយគ្មាន​ការអនុញ្ញាតពី​ សាដាម ហ៊ូស្សេន, ចុះតួកគីវិញ»?

18-10-2016 10:22

(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានអះអាងជាថ្មីម្ដងទៀត ជុំវិញ គោលបំណងចង់ចូលរួមក្នុងប្រតិបត្តិការយោធា ជាមួយកងទ័ពអ៊ីរ៉ាក់ ក្នុងការវាយដណ្ដើមយក ទីក្រុង Mosul ពីពួក ISIS មកវិញ ដោយលោកសំអាងថា តួកគីមានសិទ្ធិចូលរួមរំដោះទីក្រុង Mosul ដូចដែលសហរដ្ឋអាមេរិក ធ្លាប់បានធ្វើអន្តរាគមន៍យោធានៅ អ៊ីរ៉ាក់ កាលពីឆ្នាំ ២០០៣ ដោយគ្មានការអនុញ្ញាត ពីអតីតប្រធានាធិបតី សាដាម ហ្ស៊ូស្សេន ដូច្នោះដែរ។ នេះបើតាមការ ចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០១៦។

កាលពីដំបូងឡើយ លោក Tayyip Erdogan ធ្លាប់បានប្រកាសថា តួកគី មិនអាចនៅស្ងៀម បានឡើយចំពោះស្ថានភាព ដែលកំពុងកើតឡើងនៅអ៊ីរ៉ាក់ និង មានបំណងចូលរួមក្នុងប្រតិបត្តិការ យោធារំដោះទីក្រុង Mosul ជាមួយកងទ័ពអ៊ីរ៉ាក់ ខណៈរដ្ឋាភិបាលអ៊ីរ៉ាក់ផ្ទាល់បានជំទាស់យ៉ាងខ្លំាង ទៅនឹងវត្តមានកងទ័ពតួកគី នៅឯមូលដ្ឋាន Bashiqa នៃភាគខាងជើងប្រទេសអ៊ីរ៉ាក់ ហើយ មិនតែប៉ុណ្ណោះនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ក៏ធ្លាប់បានព្រមានដែរថា ការបន្តរក្សាទុកវត្តមានកងទ័ពតួកគី នៅលើទឹកដីអ៊ីរ៉ាក់ នឹងអាចបង្កទៅជាសង្រ្គាមនៅក្នុងតំបន់បាន។

គួរបញ្ជាក់ថា បើតាមប្រធានាធិបតីតួកគី លោក Tayyip Erdogan ការបដិសេធពី រដ្ឋាភិបាល ទីក្រុងបាកដាដ មិនឱ្យតួកគីចូលរួមក្នុងប្រតិបត្តិការ វាយដណ្ដើមយកទីក្រុង Mosul ពីពួក ISIS គឺបង្ហាញពីចេតនារារំាងទីក្រុង អង់ការ៉ា ក្នុងការទប់ស្កាត់ជម្លោះរវាងអ្នកកាន់នីកាយស៊ីអ៊ីត និង ស៊ុននី ដោយប្រើលែសប្រយុទ្ធប្រឆាំងនឹងក្រុម ISIS៕