Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីហ្វីលីពីន៖ «ជីតាខ្ញុំជាជនជាតិចិន ដូច្នេះមានតែប្រទេសចិនមួយគត់ ដែលអាចជួយយើងបាន»

17-10-2016 18:31

(ម៉ានីល)៖ នៅក្នុងឱកាសដំណើរបំពេញទស្សនកិច្ចរយៈពេលបួនថ្ងៃ ក្រោមការអញ្ជើញរបស់ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ (Rodrigo Duterte) បានប្រកាសក្តែងៗថា ប្រទេសរបស់លោក សង្ឃឹមថានឹងអាចពង្រឹងចំណងមិត្តភាព ជាមួយប្រទេសចិន និងបង្កើនការធ្វើពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។

ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ លោក Rodrigo Duterte បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងជួយលោកឲ្យយល់កាន់តែច្បាស់បន្ថែមទៀត អំពីប្រទេសចិន។ ជាមួយគ្នានេះដែរ លោក Duterte បានធ្វើការកោតសសើរជាខ្លាំង ចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដោយនិយាយថា ប្រទេសចិនសំបូរទៅដោយមនុស្ស ដែលខិតខំប្រឹងប្រែងបំពេញការងារ និងមាន គោលនយោបាយដ៏ល្អ ទាំងក្នុងនិងក្រៅប្រទេស ហើយពិតជាសក្តិសមនឹងទទួលបាន នូវការគោរពដូចពេលបច្ចុប្បន្នណាស់។

ចំណែកឯការពាក់ព័ន្ធនឹងបញ្ហាវិវាទ នៅដែនសមុទ្រចិនខាងត្បូងវិញ លោកប្រធានាធិបតីហ្វីពីន បានបញ្ជាក់ថា លោកនឹងជួបពិភាក្សាជាមួយភាគីចិន ហើយចិនតែម្នាក់ឯងគត់ ដោយលោក មិនមានចំណាប់អារម្មណ៍ ក្នុងការអនុញ្ញាតឲ្យប្រទេសផ្សេងទៀត ចូលមកជ្រៀតជ្រែកបញ្ហានេះឡើយ។

ម្យ៉ាងវិញទៀត លោក Rodrigo Duterte ក៏បានសម្តែងការថ្លែងអំណរគុណផងដែរ ចំពោះ រដ្ឋាភិបាលចិន ដែលបានបន្តគាំទ្រជានិច្ច ដល់កិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីន ក្នុងការបង្រ្កាប គ្រឿងញៀនខុសច្បាប់ ដោយជាក់ស្តែង បានជួយស្ថាបនា មជ្ឈមណ្ឌលស្តារនីតិសម្បទាមួយកន្លែង ដែលនឹងបើកដំណើរការនៅពេលឆាប់ៗនេះ។

ទន្ទឹមគ្នានេះដែរ លោកប្រធានាធិបតីហ្វីលីពីន ក៏បានឆ្លៀតឱកាសបែរទៅ ធ្វើការរិះគន់ដល់បណ្តា ប្រទេសលោកខាងលិចផងដែរថា «ប្រទេសមួយចំនួនផ្សេងទៀត នៅពេលដែលពួកគេដឹងថា យើងមិនសូវជាមានលុយ ជំនួសឲ្យការជួយពួកយើង អ្វីដែលពួកគេបានធ្វើ គឺរិះគន់និង ស្តីបន្ទោសតែប៉ុណ្ណោះ ខណៈប្រទេសចិនមិនដែលរិះគន់យើងម្តងណាឡើយ និងបានជួយយើងដោយភាពស្ងៀមស្ងាត់»។

ជាចុងក្រោយលោក Rodrigo Duterte បានលើកឡើងថា «អ្វីដែលខ្ញុំត្រូវធ្វើ គឺជួបពិភាក្សា និងចាប់ដៃជាមួយមន្រ្តីរដ្ឋាភិបាលចិន ហើយនិយាយថា យើងជាជនជាតិហ្វីលីពីន ពួកយើង ត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយអ្នក ដើម្បីជួយកសាងសេដ្ឋកិច្ច ក៏ដូចជាប្រទេស របស់យើង» ហើយលោកបានអះអាងបន្ថែមថា «ជីតាខ្ញុំជាជនជាតិចិន… ដូច្នេះហើយ មានតែចិនមួយគត់ដែល អាចជួយយើងបាន»