Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពេលនេះមហាអំណាចនានានៅអឺរ៉ុប កំពុងជំរុញឲ្យមានការគាបសង្កត់ រុស្ស៊ី ជុំវិញបញ្ហាស៊ីរី

17-10-2016 10:06

(អឺរ៉ុប)៖ ចក្រភពអង់គ្លេស, បារាំង, និង អាល្លឺម៉ង់ បានប្តេជ្ញាក្នុងការទាមទារឲ្យសហភាពអឺរ៉ុប ចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ថ្កោលទោសទៅលើប្រទេសរុស្ស៊ី ដែលបាននិងកំពុងបង្ក ការវាយប្រហារតាមដែនអាកាស ទៅលើប្រទេសស៊ីរី ដែលនាំឲ្យមានមនុស្សស្លាប់ និងរបួសយ៉ាង ច្រើន។ នេះបើតាមការចេញផ្សាយនៅមុយនេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។

ក្រៅពីការថ្កោលទោសទង្វើរបស់ប្រទេសរុស្ស៊ី នោះ ប្រទេសទាំងបីដែលជាមហាអំណាចធំជាងគេ នៅសហភាពអឺរ៉ុប បានជំរុញថែមទៀតឲ្យ មានការដាក់ទណ្ឌកម្មប្រឆាំងនឹងរបបដឹកនាំ រដ្ឋាភិបាល ស៊ីរី របស់ប្រធានាធិបតីលោក បាហ្សា អាល់ អាស្សាដ។ បន្ថែមពីនេះទៀត ការជំរុញប្រតិបត្តិការ ផ្តល់ជំនួសមនុស្សធម៌ទៅកាន់ទីក្រុង អាឡេប៉ូ ភាគខាងជើងប្រទេសស៊ីរី ក៏ស្ថិតនៅក្នុងកិច្ចពិភាក្សា ចាំបាច់សម្រាប់សហភាពអឺរ៉ុប ដែលត្រូវតែសម្រេចឲ្យចេញជាលទ្ធផលផងដែរ។

គួរបញ្ជាក់ថា កងទ័ពអាកាសរុស្ស៊ី ដែលមានមូលដ្ឋានស្រាប់នៅក្នុងទឹកដីស៊ីរីនោះ បានធ្វើការ ទម្លាក់គ្រាប់បែកនៅក្នុងទីក្រុង អាឡេប៉ូ ដែលប្រទេសលោកខាងលិច បានចោទថាជាការទម្លាក់ គ្រាប់បែកដើម្បីសម្លាប់ក្រុមប្រឆាំងរដ្ឋាភិបាលលោក អាស្សាដ ដែលបានបង្កឲ្យមនុស្សស្លាប់ និងរបួស ជាច្រើននាក់។ បច្ចុប្បន្នប្រជាជនស៊ីរីប្រមាណ ២៧៥,០០០នាក់ កំពុងជាប់ខ្លួន នៅក្នុងទីក្រុងអាឡេប៉ូ ដ៏ខ្ទេចខ្ទាំដែលត្រូវការជំនួយសង្គ្រោះជាបន្ទាន់៕