Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជម្លោះរវាងក្រុមក្មេងទំនើងនៅក្នុងខណ្ឌច្បារអំពៅ ត្រូវអាវុធហត្ថរាជធានីភ្នំពេញកំណត់មុខសញ្ញាបាន និងតាមប្រម៉ាញ់ជាបណ្តើរៗ!

28-12-2024 20:50

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ នៅក្នងខណ្ឌច្បារអំពៅ មានសកម្មភាព ក្មេងទំនើងជាច្រើនក្រុម បានធ្វើសកម្មភាពដេញវាយនិ ងកាប់ចាក់គ្នាក្នុងវេលាយប់ស្ងាត់ មិនសូវមានមនុស្សម្នាឆ្លងកាត់ និងអត់មានសមត្ថកិច្ចនៅក្បែរ។ ក្រោយធ្វើសកម្មភាពវាយកាប់ចាក់គ្នារួច ក្មេងទំនើងទាំងនេះ តែងតែបំបែកគ្នារត់គេចរាងៗខ្លួនបាត់អស់ មុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។

ទោះជាយ៉ាងនេះក្តី តាមរយៈវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងធ្វើការតាមប្រម៉ាញ់ជាបន្តបន្ទាប់។ ជាក់ស្តែង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ០៩៖០០នាទី កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនក្មេងទំនើងម្នាក់ ឈ្មោះ ធី សំណាង ហៅ ណាងស្អុយ ភេទប្រុស អាយុ២០ឆ្នាំ នៅចំណុច បុរីមួយកន្លែង ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាសមាជិក ក្រុមក្មេងទំនើង រហ័សនាម «កាហ្វេកែងចិន (CKJ) » ដែលក្រុមនេះ បានធ្វើសកម្មភាពវាយកាប់ចាក់យ៉ាងសកម្ម ជាមួយក្រុមក្មេងទំនើង រហ័សនាម «វត្តក្នុង (WK) » នៅចំណុច មាត់ទន្លេ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងជាមួយក្រុមក្មេងទំនើង រហ័សនាម «មនុស្សតូចៗ (MTT) »​ នៅចំណុច ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់មកនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ សហការណ៍ជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន បក្ខពួកក្មេងទំនើងក្នុងក្រុម «កាហ្វេកែងចិន (CKJ) » ម្នាក់ទៀតឈ្មោះ សេង វីរ: ហៅ LoGan ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្សវិទ្យាល័យស៊ីសុវត្ថិ នៅចំនុចមុខផ្ទះលេខR52 ផ្លូវបេតុង បុរីចំការល្មុត ភូមិតាងូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមាជិកក្រុមក្មេងទំនើង «កាហ្វេកែងចិន (CKJ) »ទាំង២នាក់ កំពុងត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ចំណែកបក្ខពួកដែលនៅសេសសល់និងកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្តទៀត៕