រដ្ឋបាលខេត្តកែបចេញសេចក្តីបំភ្លឺ និងបដិសេធការបង្ហោះផ្សាយថា មានអគារ៧ជាន់ បាក់សង្កត់មនុស្សជាច្រើននៅខេត្តកែប, ព័ត៌មាននេះជាហេតុការណ៍ចាស់កាលពី៤ឆ្នាំមុន
15-12-2024 20:52
(ភ្នំពេញ)៖ រដ្ឋបាលខេត្តកែប នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺ និងបដិសេធ ពីការបង្ហោះផ្សាយថា មានអគារ៧ ជាន់បាក់សង្កត់មនុស្សជាច្រើននៅខេត្តកែប។ ព័ត៌មាននេះ ជាព័ត៌មានចាស់កាលពី៤ឆ្នាំមុន ប៉ុណ្ណោះ។
ការបំភ្លឺរបស់រដ្ឋបាលខេត្តកែប បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមហ្វេសប៊ុក បានយករូបភាពចាស់កាលពី៤ឆ្នាំមុន មកបង្ហោះបំភ្លៃថា អគារកម្ពស់៧ជាន់ នៅខេត្តកែបដួលរំលំ។
បើតាមរដ្ឋបាលខេត្តកែប រហូតដល់ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខអ្នកបំភ្លៃព័ត៌មានដើម្បីបំពុលសង្គមទាំងនោះ។ រដ្ឋបាលខេត្តកែប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំយល់ច្រឡំនិងសូមឈប់បន្តផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានចាស់ នេះទៀត៕
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg