Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយបញ្ចប់ពិធីលៀងសាយភោជន នៅព្រះបរមរាជវាំង លោក ស៊ី ជិនពីង ត្រឡប់ទៅសណ្ឋាគារអ៊ីនធើខនវិញ ដើម្បីជួបជាមួយ នឹងសិស្សានុសិស្ស និងមន្រ្តីស្ថានទូតរបស់ចិននៅទីនោះ

13-10-2016 21:55

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ពិធីលៀងសាយភោជន នៅព្រះបរមរាជវាំង ជាមួយព្រះមហាក្សត្រខ្មែរ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានត្រឡប់ទៅកាន់សណ្ឋាគារ អ៊ីនធើខនធីខនវិញហើយ។

នៅឯសណ្ឋាគារអ៊ីនធើខនឯណោះវិញ ទីដែលលោកប្រធានាធិបតីចិន ស៊ី ជិនពីង សម្រាកនោះ, ក៏នឹងមានកិច្ចពិភាក្សា និងការសំណេះសំណាល ជាមួយនឹងសិស្សានុសិស្ស និងមន្រ្តីស្ថានទូតរបស់ចិន ព្រមទាំងភ្នាក់ងារព័ត៌មានចិនផងដែរ ដើម្បីស្តាប់អំពីភាពការណ៍ និងចំណាប់អារម្មណ៍របស់ពួកគេ។

សូមជំរាបថា លោក ស៊ី ជិនពីង បានមកដល់ព្រលានយន្តហោះភ្នំពេញ ប្រទេសកម្ពុជា នៅម៉ោងប្រមាណ១២៖១៥ថ្ងៃត្រង់ ដើម្បីធ្វើទស្សនកិច្ចជាផ្លូវការលើក ដំបូងរបស់លោក ក្នុងនាមលោកប្រធានាធិបតី រយៈពេល២ថ្ងៃ ដែលទស្សនកិច្ចនេះ ចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៤ ខែតុលា ឆ្នាំ២០១៦។

ខណៈដែលមកដល់ប្រទេសកម្ពុជា រយៈពេលកន្លះថ្ងៃនេះ លោកប្រធានាធិបតីចិន បានទៅចូលគាល់ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែនៅឯព្រះបរមរាជវាំង ហើយបន្ទាប់ពីនោះ លោក ស៊ី ជិនពីង បានទៅគោរពវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរនៅវិមានឯករាជ្យ មុននឹងលោកចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន និង ធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងពិធីសារនៅវិមានសន្តិភាព ក៏ដូចជាចូលរួមពិធីលៀងសាយភោជន នៅព្រះបរមរាជវាំង។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល បានចេញសារស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង មកកាន់ប្រទេសកម្ពុជាលើកនេះ ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook ផ្លូវការយ៉ាងដូច្នេះថា៖ «ដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី Xi Jinping គឺមានសារសំខាន់ខ្លាំងណាស់ នៅក្នុងការពង្រឹង និងពង្រីកមិត្តភាព និងសហប្រតិបត្តិការ ជាប្រពៃណី រវាងប្រទេសយើងជាបងប្អូនទាំងពីរកម្ពុជា-ចិន»

បន្ទាប់ពីបំពេញទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ លោក ស៊ី ជិនពីង នឹងចាកចេញពីប្រទេសកម្ពុជា នៅម៉ោងប្រមាណ៩៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ហើយបន្តដំណើរទៅធ្វើទស្សនកិច្ច នៅប្រទេសបង់ក្លាដេស៕