Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង បញ្ជាក់ប្រាប់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថា មីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតក្នុងពេលវេលាសមស្របមួយ នៅពេលខាងមុខនេះ (Video inside)

07-11-2024 21:53

(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅក្នុងឱកាសជំនួបទ្វេរភាគី នៅក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលទាំង៣ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ដឹកនាំរបបយោធាភូមា បានបញ្ជាក់ប្រាប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាថា មីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតឡើងវិញ ក្នុងពេលវេលាសមស្របមួយ នាពេលខាងមុខ។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាននៅព្រលានយន្តអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីបង្ហាញអំពីលទ្ធផលសំខាន់ៗ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន, លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ជំនួបជាលក្ខណៈទ្វេរភាគី រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ពោលគឺមេដឹកកំពូលមីយ៉ាន់ម៉ា, កម្ពុជា មីនយ៉ាន់ម៉ា លើកឡើងពីវិបត្តិនយោបាយ និងចម្បាំងរ៉ាំរ៉ៃ នៅមីយ៉ាន់ម៉ា ហើយបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ មីនអោងឡាំង មីយ៉ាន់ម៉ានឹងរៀបចំបោះឆ្នោតសកលមួយនាពេលខាង ក្នុងពេលវេលាសមស្រប»។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានឱ្យដឹងថា មូលហេតុដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាទ្វេភាគីជាមួយ នាយឧត្ដមសេនីយ៍ មីន អោងឡាំង គឺជាបរិយាកាសល្អ ដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃស្ថានការណ៍រួមនៅមីយ៉ាន់ម៉ា។

លោកបានបញ្ជាក់ថា ដោយសារសម្ដេចធិបតី ហ៊ុន ម៉ាណែត ចង់ជួយមីយ៉ាន់ម៉ា តាមរយៈការរម្លឹកទៅ នាយឧត្ដមសេនីយ៍ មីន អោងឡាំង ថាបញ្ហាមីយ៉ាន់ម៉ា គឺមានតែមីយ៉ាន់ម៉ាខ្លួនឯងប៉ុណ្ណោះ ដែលអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ាបាន។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបន្ថែមថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានរម្លឹកដល់ឧត្ដមសេនីយ៍ មីន អោងឡាំង ដែរថា បញ្ហាមីយ៉ាន់ម៉ាមិនគួរលើកយកទៅដោះស្រាយនៅលើវេទិកាណាក្រៅពីអាស៊ានបាននោះដែរ៕