Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ គន់ គីម ក្រើនរំលឹកឲ្យយកចិត្តទុកដាក់លើ សុខទុក្ខអតីតយុទ្ធជន ដែលបានពលីកម្មដើម្បីជាតិ

09-10-2016 16:05

(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា រួមជាមួយលោក លន់ លឹមថៃ អភិបាលខេត្ត កំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះ បានចុះទៅសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជន នៅក្នុងស្រុកបាធាយ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រមាណ៥១០នាក់។

ក្នុងកិច្ចសំណេះសំណាលនេះ លោក គន់ គីម បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា បើទោះបីជាប់រវល់យ៉ាងណាក្តី តែងបានផ្តាំផ្ញើរូបលោកជានិច្ចឲ្យមើលការខុសត្រូវ ទៅលើសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជា ឲ្យបានដិតដល់ជាទីបំផុត។

នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកអតីតយុទ្ធជន គឺសុទ្ធតែជាជន ដែលបានធ្វើពលី កម្មយ៉ាងធំធេង ដើម្បីបុព្វហេតុជាតិមាតុភូមិ ហើយអ្វីៗដែលកម្ពុជា កំពុងមាននាពេលបច្ចុប្បន្ន គឺទទួលបានការចូលរួមចំណែក យ៉ាងធំធេងពីអតីតយុទ្ធជនកម្ពុជា។

ក្រោមស្មារតីទទួលខុសត្រូវលើសុខទុក្ខរបស់អតីតយុទ្ធជននេះ នាយឧត្តមសេនីយ៍ គន់ គីម បានរំលឹកទៅដល់អាជ្ញាធរខេត្តនិងស្រុក ឲ្យទាំងអស់ឲ្យបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀតទៅលើសុខទុក្ខរបស់អតីតយុទ្ធ ហើយត្រូវដោះស្រាយឲ្យបានទាន់ ពេលវេលានូវរាល់ទុក្ខលំបាករបស់អតីតយុទ្ធជន៕