អាកាសចរណ៍យក្ស Qantas បង្កើតកម្មវិធីថ្មី ដែលអាចសន្សំសំចៃប្រេងឥន្ធនៈរាប់លានដុល្លារ
07-10-2016 11:39
(ស៊ីដនី)៖ ក្រុមហ៊ុនអាកាសចរណ៍យក្សអូស្ត្រាលី Qantas ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ចំណាស់មួយ នៅលើពិភពលោក នឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ នូវកម្មវិធីថ្មីមួយ ដែលអាចប្រាប់ អ្នកបើកបរយន្ដហោះ ពីវិធីសាស្ត្រសន្សំសំចៃប្រេងឥន្ធនៈសម្រាប់ការហោះហើរ។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០១៦។
ជុំវិញការបង្កើតកម្មវិធីថ្មីនេះដែរ អ្នកគ្រប់គ្រងផ្នែកប្រេងឥន្ធនៈ និង បរិស្ថាន របស់ក្រុមហ៊ុន Qantas លោក Alan miline បានលើកឡើងថា «អ្នកបើកបរយន្ដហោះរបស់យើង មានរួចហើយនូវកម្មវិធី ទាញយកផែនទីហោះហើរ និង ការព្យាករណ៍ឧតុនិយម ហើយយើងក៏សង្ឈឹមដែរថា កម្មវិធី GE ថ្មីនេះនឹងជួយដល់ពួកគេឱ្យ បានឃើញពីប្រសិទ្ធភាពនៃការសន្សំសំចៃប្រេងឥន្ធនៈ ការប្រើប្រាស់ល្បឿន និង រយៈកម្ពស់សម្រាប់លក្ខខណ្ឌ អាកាសធាតុជាក់លាក់»។
គួររំលឹកថា កម្មវិធី GE នៃក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Qantas អាចនឹងជួយកាត់បន្ថយការចំណាយ លើប្រេងឥន្ធនៈប្រចំាឆ្នាំជាង ៣០ លានដុល្លារអូស្ត្រាលី ឬស្មើនឹង ២២.៧ លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនអាកាសចរណ៍មួយនេះក៏មានគម្រោងផងដែរ ក្នុងការកាត់បន្ថយថ្លៃចំណាយលើ ប្រេងឥន្ធនៈជាមធ្យមប្រចាំឆ្នាំ៕