Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជអាជ្ញាខេត្តកណ្តាល លោក លឹម សុគន្ថា កោះហៅប្រធានផ្សារស្អាង ចូលសួរនាំនៅថ្ងៃទី១៩ តុលា តាមបណ្ដឹងអ្នកកាសែតម្នាក់

05-10-2016 16:14

(កណ្ដាល)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល លោក លឹម សុគន្ថា បានចេញដីការកោះហៅប្រធានផ្សារស្អាង លោក ប៉ោ សេង ចូលទៅសាកសួរនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក ពាក់ព័ន្ធនឹងដំណើររឿង «ហិង្សាដោយចេតនា» ដែលប្តឹងដោយអ្នកកាសែតម្នាក់បម្រើការងារនៅអង្គភាពសារព័ត៌មានខ្មែរអភិវឌ្ឍន៍។

តាមដំណើររឿង អ្នកកាសែតម្នាក់ ឈ្មោះ ហុក វិបុល អាយុ៣៦ឆ្នាំ បានប្ដឹងចោទប្រកាន់ប្រធានផ្សារស្អាង ប្រើអំពើហិង្សា បណ្ដាលឱ្យមានរបួសស្នាម កាលពីពេលកន្លងទៅនេះ គ្រាដែលអ្នកកាសែត​រូបនេះ ទៅថតរូបភាព នៅក្នុងផ្សារស្អាង។ យោងតាមដីកាកោះហៅរបស់លោក លឹម សុគន្ថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ហើយអង្គភាព Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី៥ ខែតុលា នេះ បានបង្គាប់ឲ្យលោក ប៉ោ សេង ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិលេខ៧ ឃុំត្រើយស្លា ស្រុកស្អាង ចូលខ្លួនមកអយ្យការអមសាលាដំបូងខេត្តកណ្ដាល នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅលោក ហុក វិបុល មុខរបរអ្នកកាសែត បានទៅថតយករូបភាព ភក់ជ្រាំ កខ្វក់ គ្មានអនាម័យ នៅក្នុងផ្សារស្អាង ដែលលោក ប៉ោ សេង ជាប្រធាន វិនិយោគក្នុងរយៈ៣៦ឆ្នាំ ស្រាប់តែពេលនោះត្រូវបានលោក ប៉ោ សេង បានប្រើអំពើហិង្សាដាក់បណ្តាលឲ្យមានរងរបួស រហូតជនរងគ្រោះដាក់ពាក្យបណ្តឹងចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាលតែម្តង៕

អ្នកកាសែត ហុក វិបុល