Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ដឹកនាំសមាជិក-សមាជិកា ចូលរួមពិធីបុណ្យសិតព្រះពុទ្ធរូប កសាងអំពីស្ពាន់ សម្រាប់ទីសក្ការៈបូជា ព្រមទាំងនាំយកចង្ហាន់ និងទេយ្យទាន ប្រគេនព្រះសង្ឃ ក្នុងវេនកាន់បិណ្ឌ វេនទី១ នៅវត្តពិជ័យឧត្តុង្គ

18-09-2024 21:56

(កំពត)៖ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទនៅទូទាំងប្រទេស ដែលគោរព ប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំសមាជិក-សមាជិកា គណៈកិត្តិយស និងគណៈប្រតិបត្តិ នៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត អញ្ជើញចូលរួមពិធីបុណ្យសិតព្រះពុទ្ធរូប កសាងអំពីស្ពាន់ សម្រាប់ទីសក្ការៈបូជា ព្រមទាំងនាំយកចង្ហាន់ និងទេយ្យទាន ប្រគេនព្រះសង្ឃ ក្នុងវេនកាន់បិណ្ឌ វេនទី១ នៅវត្តពិជ័យឧត្តុង្គ ស្ថិតនៅសង្កាត់គ្រាំងអំពិល ក្រុងកំពត ខេត្តកំពត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

សូមរំលឹកថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ របស់ព្រះពុទ្ធសាសនា។

ពិធីបុណ្យកាន់បិណ្ឌក្នុងឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ឋហើយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យសាសនានេះ ពុទ្ធបរិសទ័ជិតឆ្ងាយចំណុះជើងវត្តតែងតែធ្វើចង្ហាន់វេរប្រគេនព្រះសង្ឃជាប្រចាំ ដោយគណកម្មការវត្ត ឬភូមិបានមូលមតិគ្នា បែងចែកជាវេន ដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃរហូតចប់ពិធីបុណ្យភ្ជុំបិណ្ឌ។

ទេយ្យទានដែលប្រគេនព្រះសង្ឃនាឱកាសនោះ រួមមាន៖ អង្ករ២បាវ, ត្រីខ៥យួរ, ស្ករស៥គីឡូ, ទឹកស៊ីអ៉ីវ៥យួរ, ប្រេងឆា២ដបធំ, តែ៥កញ្ចប់, ធូប៥ដុំ, ប៊ីចេង៥គីឡូ, មី៥កេស, កាហ្វេ២កញ្ចប់ធំ, ទឹកត្រី៥យួរ, ត្រីងៀត៥គីឡូ, ទឹកក្រូច និងទឹកផ្លែឈើ៥កេស, សៀងផ្អែម១០គីឡូ, ខ្ទឹមស៥គីឡូ, សាប៊ូម្សៅ៥កញ្ចប់, ផ្កាឈូក៧ទង, ទឹកសុទ្ធ៥កេស និងបច្ច័យ ចំនួន ៥០ម៉ឺនរៀល៕