Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលចិនថា អាមេរិក និងកូរ៉េខាងត្បូង នឹងត្រូវសងមកវិញនូវតម្លៃមួយយ៉ាងសាកសម ចំពោះគម្រោង THAAD

01-10-2016 14:37

(ប៉េកំាង)៖ សារព័ត៌មានចិន People's Daily បានព្រមាននៅថ្ងៃ សៅរ៍នេះថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង នឹងត្រូវ សងមកវិញនូវតម្លៃតបស្នង ចំពោះការសម្រេចចិត្ត ដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD​ នៅលើទឹកដី កូរ៉េខាងត្បូង ហើយដែលការលើកឡើងបែបនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពី ក្រសួងការពារជាតិកូរ៉េខាងត្បូង បានសម្រេចចិត្តជ្រើសយកទីលាន វាយកូនហ្គោលមួយកន្លែង ក្នុងតំបន់ Seongju ធ្វើជាទីតំាងរបស់THAAD។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅ ថ្ងៃសៅរ៍ ទី១ ខែ តុលា ឆ្នាំ២០១៦។

នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន សារព័ត៌មានចិន People's Daily បានបញ្ជាក់សារជាថ្មីថារដ្ឋាភិបាលទីក្រុងប៉េកំាង នៅតែជំទាស់នឹងគម្រោងដាក់ ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD ត្បិតវិធានការនេះមិនបានធ្វើឱ្យស្ថានភាព ប្រសើរឡើងនោះទេ ផ្ទុយទៅវិញ វាបែរជាគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់តុល្យភាពនៃយុទ្ធ សាស្ត្រសន្តិសុខក៏ដូចជា ផលប្រយោជន៍ ផ្នែកសន្តិសុខរបស់បណ្ដាប្រទេស នៅក្នុងតំបន់​រួមទំាងចិនផងដែរ។

People's Daily បានបន្ថែមទៀតថា បើសិនជាសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូងបំផ្លាញផលប្រយោជន៍យុទ្ធសាស្ត្រ សន្តិសុខ នៃប្រទេសជាច្រើន នៅក្នុងតំបន់រួមទំាងចិន ពួកគេនឹងត្រូវសងមកវិញនូវតម្លៃតបស្នងឱ្យសាក នឹងអ្វីដែលពួកគេ បានធ្វើ ហើយក៏មិនអាចជៀសរួចបានដែរ ពីការវាយប្រហារ​បកណាមួយ។

សូមជំរាបថា បើតាមសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ការដាក់ពង្រាយប្រព័ន្ធខែល ការពារមីស៊ីល THAAD គឺមានគោល បំណងតែទៅលើកូរ៉េខាងជើង តែមួយគត់ ក៏ប៉ុន្តែចិន និងរុស្ស៊ី ជាពិសេសគឺចិនតែម្ដងបានខឹងសម្បារយ៉ាងខ្លំាង ដោយអះអាងថា ចិននឹងចាត់វិធានឆ្លើយតបទៅនឹងគម្រោងនេះ តែមិនបានបញ្ជាក់ថាវិធានការ នោះជាអ្វីឡើយ៕