Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ជំរុញភាគីចិនធ្វើការជិតស្និទ្ធជាមួយ គ្រប់ស្ថាប័នទាំងអស់របស់កម្ពុជា ដើម្បីជំរុញមិត្តភាព និងសហប្រតិបត្តិការប្រទេសទាំងពីរឲ្យរឹងមាំ

29-09-2016 11:56

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យ លោក ជាំង ប៉ូ ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំនៅកម្ពុជា ធ្វើការឱ្យជិតស្និទ្ធ ជាមួយគ្រប់ស្ថាប័នទាំងអស់របស់កម្ពុជាដើម្បីជំរុញមិត្តភាព និងសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។

សម្តេចតេជោ បានបញ្ជាក់បែបនេះ ខណៈដែលសម្តេច  បានអនុញ្ញាតឲ្យ លោក ជាំង ប៉ូ ឯកអគ្គរដ្ឋទូតថ្មីរបស់មិត្តចិនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សា កាងារនៅវិមានរដ្ឋាភិបាលសន្តិភាព  នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ភាគីចិន លោក ជាំង ប៉ូ ឯកអគ្គរដ្ឋទូតថ្មីរបស់មិត្តចិនប្រចាំនៅកម្ពុជា បានអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានរៀបចំពេលវេលា ឲ្យលោកបានចូលជួប ទោះបីជា សម្តេចតេជោ មានការមមារញឹករវល់ ជាពិសេសនៅចំពេលរដូវបុណ្យភ្ជុំបិណ្ឌនេះយ៉ាងណាក៏ដោយ។ លោក ជាំង ប៉ូ បានផ្តាំផ្ញើសួរសុខទុក្ខ ដោយផ្ទាល់ពីប្រធានាធិបតី ស៊ី ជិនពីង និង នាយករដ្ឋមន្ត្រី លី កឺជាំង ចំពោះសម្តេចតេជោផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះការផ្តាំផ្ញើសួរសុខទុក្ខ ពីប្រមុខដឹកនាំប្រទេសចិន គឺលោកប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិន។ សម្តេចតេជោ មានជំនឿ និង សង្ឃឹមយ៉ាងមុតមាំថា វត្តមានរបស់លោក ជាំង ប៉ូ ក្នុងបេសកកម្មការទូតនៅម្ពុជា ក្នុងរយៈពេលដ៏ខ្លី នេះគឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់មិត្តចិនមកកាន់កម្ពុជា។

គួរបញ្ជាក់ថា បេសកម្មការទូតរបស់ លោក ជាំង ប៉ូ ឯកអគ្គរដ្ឋទូតថ្មីរបស់មិត្តចិនប្រចាំនៅកម្ពុជា គឺដើម្បីជំរុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត៕