Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះភ្នំភ្លើងនៅភាគកណ្តាលឥណ្ឌូណេស៊ី នាំឲ្យកម្អែលផេះកញ្ជ្រោលឡើងលើអាកាស ២,០០០ ម៉ែត្រ

27-09-2016 17:39

(ហ្សាការតា)៖ ភ្នំភ្លើង Barujari ស្ថិតនៅខេត្ត Nusa Teggara ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងនៅថ្ងៃអង្គារនេះ និងជះកម្អែលផេះឡើងលើអាកាស កម្ពស់ ២,០០០ ម៉ែត្រ ខណៈជើងហោះហើរនានា ត្រូវបានប្រកាសអាសន្ន ឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់។ នេះបើតាម ការចេញផ្សាយនៅមុននេះបន្តិច ដោយស៊ិនហួរ នាល្ងាចថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។

ការផ្ទុះភ្នំភ្លើងខាងលើ បានកើតឡើងនៅម៉ោង ២៖៤៥នាទីរសៀលថ្ងៃអង្គារនេះ ម៉ោងនៅទីក្រុង ហ្សាការតា ដោយអ្នកនាំពាក្យមន្ទីរគ្រប់គ្រង គ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី លោក Sutopo Purwo Nugroho បានប្រាប់ស៊ិនហួរថា «ម៉ាស់បិទមុខចំនួន ៣០០,០០០ម៉ាស់ ត្រូវបានអាជ្ញាធរត្រៀមទុកជា ស្រេច ដើម្បីចែកជូនប្រជាជនក្នុងតំបន់ ទុកប្រើប្រាស់ដើម្បីការពារដំណកដង្ហើម ដោយធូលីផេះផង់»

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី គឺជាប្រជុំកោះដ៏ច្រើនបំផុតនៅលើសកលលោក ដែលមានសរុបជាង ១៦,៥០០កោះ ហើយក្នុងនោះ ភ្នំភ្លើងសកម្មមានរហូតដល់ ១២៩ ទីតាំងឯណោះ។ ដោយឡែកសម្រាប់ ការផ្ទុះភ្នំភ្លើងលើកនេះ វាបាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ ទីក្រុង Mataram និងរំខានដល់ការ ចរាចរណ៍យន្តហោះ នៅអាកាសយានដ្ឋាន Lombok ផងដែរ៕