Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌាសម្តែងមោទនភាពខ្លាំងបំផុត លើកជោគជ័យនៃការបង្ហោះផ្កាយរណប ០៨គ្រឿង ដោយប្រើរ៉ុក្កែតតែមួយប៉ុណ្ណោះ

26-09-2016 18:54

(ញូដេលី)៖ មន្រ្តីអង្គការស្រាវជាវអាវកាសឥណ្ឌា (ISRO) បានបង្ហោះរ៉ុក្កែតមួយ នៅវេលាម៉ោង ៩៖១២នាទីព្រឹក (ម៉ោងក្នុងក្រុងញូដេលី) ដែលផ្ទុកផ្កាយរណបចំនួន០៨ (បីគ្រឿងជារបស់ ឥណ្ឌា, បីគ្រឿងមកពី អាល់ហ្សេរី, និងពីរគ្រឿងទៀតមកពីអាមេរិក និងកាណាដា) ដើម្បីទៅដាក់ពង្រាយ តាមគន្លងផែនដីចំនួនពីររយៈកម្ពស់ផ្សេងគ្នា។ នេះបើតាមការផ្សាយនៅមុននេះបន្តិចដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

ការបង្ហោះផ្កាយរណបខាងលើ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលអាវកាស Satish Dhawan (SDSC) លើកោះ Sriharikota ក្បែរឈូងសមុទ្រ Bay of Bengal ស្ថិតនៅភាគខាងត្បូងរដ្ឋ Andhra Pradesh នៃប្រទេសឥណ្ឌា។ សេចក្តីថ្លែងការមួយចេញដោយ ISRO បានឲ្យដឹងថា រ៉ុក្កែត PSLV ស្ថិតនៅក្នុង ប្រតិបត្តិការលើកទី ៣៧របស់ខ្លួន បានបញ្ជូនផ្កាយរណប SCATSAT-1 មានទម្ងន់៣៧១គីឡូក្រាម ទៅកាន់គន្លងគោលចរលើភពផែនដី ដែលពួកវានឹងត្រូវប្រើប្រាស់ សម្រាប់ការសិក្សារពីអាកាសធាតុ រីឯផ្កាយរណបរួមដំណើរចំនួន០៧ទៀត ត្រូវបានបញ្ជូនទៅកាន់គន្លង Sun-Synchronous (SSO)។

ទាំងនេះគឺជាបេសកម្មជាលើកទីមួយហើយ ដែលរ៉ុក្កែត PSLV បានធ្វើការបញ្ជូនផ្កាយរណប ទៅកាន់គន្លងពីរផ្សេងគ្នាបែបនេះ។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ក៏បានអបអរសាទចំពោះការខិតខំប្រឹងប្រែងរបស់ ISRO និងនិសិ្សតមកពីវិទ្យាស្ថានបច្ចេកវិទ្យា IIT Mumbai និង មហាវិទ្យាល័យ PES ក្នុងការធ្វើឲ្យបេសកម្មបង្ហោះផ្កាយរណបនេះ ប្រព្រឹត្តទៅបានដោយ ជោគជ័យ។ លោក Modi បាននិយាយថា គំនិតច្នៃប្រឌិតរបស់អ្នកវិទ្យាសាស្រ្តផ្នែកលំហអាកាសឥណ្ឌា ធ្វើឲ្យប្រទេសឥណ្ឌាផ្ទាល់មានមោទនភាព នៅទូទាំងពិភពលោក៕