Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារតួកគី បានបណ្តេញមន្ត្រី ៧៨៥នាក់ហើយ ចាប់តាំងពីការធ្វើរដ្ឋប្រហារបរាជ័យ

22-09-2016 18:19

(តួកគី)៖ ក្រសួងការងារតួកគី រហូតមកដល់ពេលនេះ បានបណ្តេញបុគ្គលិក ៧៨៥នាក់ហើយ ចេញពីការងារដោយមានការជាប់ពាក់ព័ន្ធ នឹងលោក Gulen កំពុងរស់នៅសហរដ្ឋអាមេរិក ដែលរងការចោទប្រកាន់ដោយទីក្រុង Ankara ថាជាមេខ្លោងនៅពីក្រោយការធ្វើរដ្ឋប្រហារបរាជ័យ កាលពីខែកក្កដាកន្លងទៅ។ នេះបើតាមសម្តីរដ្ឋមន្ត្រីការងារ ចុះផ្សាយដោយសារព័ត៌មានស៊ិនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ។

មនុស្សប្រមាណ១០០,០០០នាក់ ដែលបម្រើការងារ នៅក្នុងវិស័យយោធា, សេវាសាធារណៈ, ប៉ូលិស និងតុលាការ ត្រូវបានបណ្តេញចេញពីការងារ ឬក៏ព្យូរការងារ បន្ទាប់ពីការប៉ងធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១៥កក្កដា នៅពេលដែលក្រុមទាហានទុច្ចរិត បានគ្រោងធ្វើការផ្តួលរំលំរដ្ឋាភិបាល។

តួកគី ថ្កោលទោសក្រុមអ្នកប្រតិបត្តិតាម បុព្វជិត Fethullah Gulen ចំពោះការធ្វើរដ្ឋប្រហារ ហើយបានទាមទារឲ្យមានការបញ្ជូនឈ្លើយសឹករូបនេះ មកពីសហរដ្ឋអាមេរិកវិញ ដើម្បីកាត់ទោស។ បុព្វជិត Gulen បានទៅរស់នៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ១៩៩៩ ក៏ធ្លាប់បានច្រានចោលរាល់ការចោទប្រកាន់ ហើយក៏បានថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារនេះ។

ដោយឡែកមានមន្ត្រីតុលាការជាង១០០នាក់ ត្រូវបានឃុំខ្លួន នៅក្នុងទីក្រុង Istanbul ពីបទសង្ស័យ ជាប់ពាក់ព័ន្ធនឹងបុព្វជិត Gulen។  លោក Erdogan ប្រធានាធិបតីតួកគី បានចោទប្រកាន់បុព្វជិត Gulen ដែលជាអតីតសម្ព័ន្ធមិត្តប្រែជាសត្រូវ ថាបាននឹងកំពុងបង្កើតប្រទេស នៅក្នុងប្រទេស ដែលវាបាន គម្រាមកំហែងចំពោះលទ្ធិប្រជាធិបតេយ្យ និងសន្តិសុខ របស់ប្រទេសតួកគី។

​ក្នុងការថ្លែងសន្ទរកថា នៅឯអង្គការសហប្រជាជាតិ ក្នុងទីក្រុង New York នាថ្ងៃអង្គារ លោក Erdogan បានជម្រុញឲ្យក្រុមមេដឹកនាំពិភពលោក ចាត់វិធានការប្រឆាំងនឹងបណ្តេញបុព្វជិត Gulen ដោយលោកលើកឡើងថា វាបានគំរាមកំហែងផ្នែកសន្តិសុខ ទៅកាន់ប្រទេសរបស់ពួកគេផងដែរ៕