Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធររំពឹងថា ទំនប់ស្ទាក់ទឹកស្ទឹងស្ទោងអាចស្តុកទឹកសម្រាប់ស្រោចស្រពស្រែស្រូវច្រើនពាន់ហិកតានៅឃុំចំនួន៦

01-08-2024 19:53

(កំពង់ធំ)៖ អាជ្ញាធរ និងប្រជាពលរដ្ឋរំពឹងថា ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង (ពាម) ដែលំពុងសាងសង់នេះ នឹងអាចស្តុកទឹកសម្រាប់ស្រោចស្រពស្រែស្រូវច្រើនពាន់ហិកតានៅឃុំចំនួន៦ នៃស្រុកមួយនេះ ដូចជា ឃុំម្សាក្រង សំព្រោច ប្រឡាយ កំពង់ចិនជើង កំពង់ចិនត្បូង ឃុំទ្រាជាដើម។

នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ទំនប់ស្ទាក់ទឹកនេះ ស្ថិតនៅក្នុងភូមិប្រគាប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ (កំពុងដំណើរការសាងសង់) ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលស្រុកបានឱ្យដឹងថា ក្រោយពីទំនប់ស្ទាក់ទឹក (ពាម) សាងសង់រួចជាស្ថាពរ នឹងអាចស្តុកទឹកជួយស្រោចស្រពស្រែស្រូវកសិករសម្រាប់ធ្វើស្រែបានពីររដូវដោយសុវត្ថិភាព ដែលអាចលាតសន្ធឹងគ្រប់ដណ្ដប់ ដីស្រែជាច្រើនពាន់ហិកតា លើឃុំចំនួន៦ ដូចជា ឃុំម្សាក្រង សំព្រោច ប្រឡាយ កំពង់ចិនជើង កំពង់ចិនត្បូង ឃុំទ្រាជាដើម។

លោកបានបន្ថែមថា ទំនប់ស្ទាក់ទឹកស្ទឹងស្ទោងនេះ ពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនក្រៃលែង ដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករនៅក្នុងស្រុកស្ទោងទាំងមូលឲ្យកាន់តែមានការរីកចម្រើន និងបានធូរធាមួយកម្រិតថែមទៀត។

ជាមួយគ្នានោះ ប្រជាពលរដ្ឋនៅក្នុងឃុំម្សាក្រងបានសម្ដែងនូវទឹកចិត្តសប្បាយរីករាយក្រៃលែង ជាមួយនឹងសំណង់ដែលមិនអាចកាត់ថ្លៃបានមួយនេះ ហើយពួកគាត់សង្ឃឹមថា ចាប់ពីឆ្នាំនេះទៅ ពួកគាត់លែងខ្វះទឹកធ្វើស្រែទៀតហើយ។

លោក សាយ គឹមឡម ក្នុងនាមគណៈអភិបាល និងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ដែលបានគិតគូរយកចិត្តទុកដាក់សាងសង់សំណង់ស្ទាក់ទឹកស្ទឹងស្ទោងនេះ ដែលបានឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ និងជួយបង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងស្រុកទាំងមូលផងដែរ។

គួរបញ្ជាក់ថា សំណង់ស្ទាក់ទឹកស្ទឹងស្ទោង (ពាម) នេះ គឺមានទំនប់បង្ហៀរទទឹងប្រវែង៣៥ម៉ែត្រ ទ្វារទឹកមួយដែលមានទទឹង៤ម៉ែត្រ និងមានសំណង់សិល្បការ្យជាច្រើនទៀត៕