Update៖ ស្លាប់កើនដល់៤២នាក់ ក្នុងគ្រោះថ្នាក់លិចទូកដឹកជនភៀសខ្លួន នៅសមុទ្រមេឌីទែរ៉ាណេ
22-09-2016 09:33
(អេហ្ស៊ីប)៖ អ្នកនំាពាក្យក្រសួងសុខាភិបាលអេហ្ស៊ីបលោក Khaled Megahed បានឱ្យដឹងថា ចំនួនជនភៀសខ្លួន ដែលបានស្លាប់បង់ជីវិត នៅក្នុងហេតុការណ៍លិចទូកដឹកជនភៀសខ្លួននៅឯ ឈូងសមុទ្រអេហ្ស៊ីប បានកើនឡើងដល់ ៤២នាក់ ខណៈមនុស្ស០៦នាក់ទៀត បាត់ខ្លួន និង ៣៥ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។
ជាមួយគ្នានោះដែរទីភ្នាក់ងារសារព័ត៌មាន MENA បានរាយការណ៍ថា ទូកដឹកជនភៀសខ្លួនខាងលើបាន ក្រឡាប់លិចនៅឈូងសមុទ្រនៃតំបន់ Beheira ប្រទេសអេហ្ស៊ីប ដោយមានដឹកជនភៀសខ្លួន ៦០០នាក់ និង មានគោលបំណងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី។ ដោយឡែកបើតាមប្រភពព័ត៌មាន ជាច្រើនផ្សេងទៀត ជនភៀសខ្លួន១៥០នាក់ត្រូវបានជួយសង្រ្គោះ ហើយប្រតិបតិ្តការជួយសង្រ្គោះ កំពុងបន្តធើ្វឡើង ដើម្បីស្វែងរកអ្នកបាត់ខ្លួន។
គួររំលឹកថា គិតចាប់តំាងពីដើមឆ្នាំ២០១៦ មានជនភៀសខ្លួន និងជនចំណាកស្រុក ច្រើនជាង ៣០០,០០០ នាក់ បានធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ឆ្ពោះមកកាន់បណ្ដាប្រទេស ក្នុងតំបន់អឺរ៉ុប។ នេះបើយោងតាមឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន៕