Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សួនរុក្ខជាតិអង្គរ ខេត្តសៀមរាប ទទួលបានពាន Travellers' Choice Awards 2024 ពីស្ថាប័នលំដាប់ពិភពលោក TripAdvisor

10-07-2024 15:07

(សៀមរាប)៖ សួនរុក្ខជាតិអង្គរ នៅខេត្តសៀមរាប ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ទទួលបានពាន Travellers' Choice Awards 2024 ជាលើកដំបូងពី TripAdvisor ដែលជាគេហទំព័រទេសចរណ៍លំដាប់ពិភពលោក។

សូមជម្រាបថា សួនរុក្ខជាតិអង្គរ ដំបូងឡើយមានឈ្មោះថា «សួនគ្រឿងទេស» បង្កើតឡើងពីឆ្នាំ២០០៥ ដែលកាលណោះមានផ្ទៃដីប្រមាណ ២ហិកតាប៉ុណ្ណោះ។

ចាប់ពីឆ្នាំ២០១៨មក សួននេះត្រូវបានរៀបចំកែលម្អនិ ងពង្រីករហូតដល់ជាង ១៥ហិកតា ក្រោមការឧបត្ថម្ភ និងគំនិតផ្តួចផ្តើមរបស់លោក ជា សុផារ៉ា អតីតឧបនាយករដ្ឋមន្រ្តី ក្នុងគោលបំណងចង់ឃើញសួនមានភាពទាក់ទាញ និងសក្តានុពលខ្លាំងជាងមុន សម្រាប់ឱ្យប្រជាជន និងទេសចរចូលកម្សាន្ត។

នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ សួនរុក្ខជាតិអង្គរដែលមានទំហំផ្ទៃដីជាង ១៥ហិកតា ក៏ត្រូវបានបើកសម្ពោធជាផ្លូវការ។ តាំងពីពេលនោះមក សួនរុក្ខជាតិអង្គរនេះ បានក្លាយជាសមិទ្ធផលទេសចរណ៍បន្ថែម នៅក្នុងក្រុងសៀមរាប ដែលអាជ្ញាធរជាតិអប្សរាបានបង្កើតឡើង ដោយមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើមនៃពូជជាង ៥០០ប្រភេទ ដូចជា ដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអម្បូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទ ដូចជា អណ្តើក ក្ងោក ព្រាប ទន្សាយ និងសត្វស្លាបព្វាំងជាដើម។ ក្រៅពីនេះ ក៏មានផលិតផលដែលគាំទ្រដល់តម្រូវការ របស់ភ្ញៀវទេសចរជាច្រើនទៀតដែរ។

លុះដល់ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាបានគម្រោងពង្រីកសួនរុក្ខជាតិអង្គរ ពីទំហំ ១៥ហិកតាទៅ ១៥០ហិកតា ដោយធ្វើរបងសម្រាប់ដោះលែងសត្វព្រៃ និងការពារព្រៃឈើ រៀបចំផ្លូវដើរ ស្ពានថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តក្នុងព្រៃធម្មជាតិ។ ជារៀងរាល់ថ្ងៃ សួនរុក្ខជាតិអង្គរបានទាក់ទាញភ្ញៀវទេសចរ ឱ្យចូលទស្សនាជាច្រើនហូរហែ៕