Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនមិនច្បាស់ការមួយ ជួសជុលផ្លូវ១ខ្សែក្នុងខេត្តកំពង់ឆ្នាំង ទាំងអាជ្ញាធរមិនបានដឹង, អភិបាលខេត្តបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចម្រុះចុះទប់ស្កាត់

20-09-2016 07:17

(កំពង់ឆ្នាំង)៖ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចម្រុះខេត្ត ចុះត្រួតពិនិត្យផ្ទាល់ និងទប់ស្កាត់ដល់ការដ្ឋានជួសជុលផ្លូវចំនួន១ខ្សែ ស្ថិតក្នុងភូមិអណ្ដូងច្រុះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយសារតែការជួសជុលនោះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តមិនបានដឹងឮអ្វីសោះ ម្យ៉ាងទៀតផ្លូវដែលត្រូវជួលជុលនោះ នៅមានគុណភាពប្រើប្រាស់បានធម្មតា ហើយក៏គ្មានការស្នើសុំពីប្រជាពលរដ្ឋមូលដ្ឋានផងដែរ។

ការចុះត្រួតពិនិត្យជាបន្ទាន់នេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយពីមានពាក្យបណ្ដឹងពីអាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន រស់នៅទីតាំងខាងលើ ដោយបានមើលឃើញថាមានភាពមិនប្រក្រតី។

មន្រ្តីសាលាខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ថា ការចុះពិនិត្យនេះផងដែរ ក្រុមការងារក៏បានសង្កេតឃើញមាន រថយន្តបែន៥គ្រឿង អេស្កាវ៉ាទ័រ១គ្រឿង នីវ៉េល័រកៀរដី១គ្រឿង រូឡូកិនបង្ហាប់ដី១គ្រឿង និងរថយន្តដឹកទឹក១គ្រឿង។

បើតាមមន្រ្តីសាលាខេត្ត ក្នុងពេលចុះទៅដល់ទីតាំងកើតហេតុ ក្រុមការងារបានព្យាយាមសួររកប្រធានការដ្ឋានជួសជុលនោះ តែពួកកម្មករបានឆ្លើយថាប្រធានការដ្ឋានមិននៅកន្លែងនោះទេ ដោយបានត្រឹមតែប្រាប់លេខទូរស័ព្ទ។ បន្ទាប់ពីទទួលបានលេខទូរស័ព្ទហើយ ក្រុមការងារចម្រុះខាងលើ បានតេទៅសួរនាំរកដំណើរដើមទង នៃការចុះមកជួសជួលទាំង ដែលអាជ្ញាធរ មិនបានដឹងសូម្បីតែបន្តិច តែម្ចាស់ទូរស័ព្ទរូបនោះ បានឆ្លើយថាខ្លួនមិនដឹងឡើយ ខ្លួនធ្វើតែតាមគេបញ្ជាទេ ដោយជជីកសួរតទៀត ទើបម្ចាស់ទូរស័ព្ទដដែលបានប្រាប់ថា ក្រុមរបស់ពួកគាត់ ជាក្រុមរបស់ឈ្មោះ ឈន សារ៉ាណេ។

មន្រ្តីបានបន្តថា «ដោយភាពមិនច្បាស់ការបែបនេះ ត្រូវបានក្រុមសមត្ថកិច្ច បានដាក់សង្ស័យលើក្រុមជួសជុលខាងលើ ព្រោះធម្មតាគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធមួយៗ ចាំបាច់ត្រូវស្នើពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ហើយមុននឹងចាប់ផ្ដើមការងារ ត្រូវពិភាក្សាឱ្យបានល្អិតល្អន់ជាមួយអាជ្ញាធរជាមុនសិន តែការចុះមកធ្វើការជួសជុលផ្លូវនេះ អាជ្ញាធរតាំងពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន មិនបានដឹងឮទាល់តែសោះ»

មន្រ្តីសាលាខេត្តបានបញ្ជាក់ទៀតថា ករណីមិនប្រក្រតីនេះ ទំនងជាចង់ចំណេញច្រើន និងចំណាយតិច ព្រោះផ្លូវដែលត្រូវជួសជុលនោះ នៅមានគុណភាពប្រើប្រាស់បាន ផ្ទុយទៅវិញការបើកបររថយន្តធុនធំៗទាំងនោះ បានធ្វើឱ្យខូចខាតដល់ផ្លូវមួយចំនួនផ្សេងទៀតផងដែរ។

ទោះយ៉ាងណា ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និងកម្លាំងសមត្ថកិច្ចចម្រុះ នឹងធ្វើការតាមដានលើករណីមិនប្រក្រតីនេះបន្តទៀត ហើយបានបញ្ជាក់ថា បើមានករណីចាំបាច់ក្រុមចម្រុះ​ នឹងចាត់វិធានការតាមផ្លូវច្បាប់តែម្ដង៕