Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទៀតហើយ! អាមេរិកចង់វាយប្រហារ​ពួកតាលីបង់ តែបែរជាត្រូវចំ​ទី​ស្នាក់ការ​ប៉ូលិស​អាហ្វហ្គានីស្ថាន បណ្តាលឲ្យ​ស្លាប់ ០៨នាក់

19-09-2016 18:13

(កាប៊ុល)៖ មន្ត្រីអាហ្វហ្គានីស្ថានម្នាក់ បានអះអាងនៅថ្ងៃចន្ទនេះថា ការវាយប្រហារដោយកងទ័ពអាកាស អាមេរិកនៅខេត្ត Uruzgan ភាគខាងជើងប្រទេសនោះ វាទំនងជាឧបទ្ទវហេតុនោះទេ ខណៈមន្ត្រីប៉ូលិស អាហ្វហ្គានីស្ថាន ០៨នាក់បាត់បង់ជីវិត ហើយសារព័ត៌មានមួយចំនួនទៀតបានចុះផ្សាយថា វាទំនងជាការភ័ន្តច្រឡំទៀតហើយ របស់កងទ័ពសម្ព័ន្ធមិត្តអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦។

លោក Rahimullah Khan មេបញ្ជាការប៉ូលិសប្រចាំខេត្តខាងលើនេះបានថ្លែងប្រាប់ស៊ិនហួរ ដូច្នេះថា «យន្តហោះចម្បាំងរបស់បរទេស បានធ្វើការវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស នៅតំបន់ Sagai ជាយទីក្រុង Trinkot នៃខេត្ត Uruzgan នៅយប់ថ្ងៃអាទិត្យ បានបណ្តាលឲ្យប៉ូលិស ០៨នាក់បាត់បង់ជីវិត ដែលទីតាំងនោះស្ថិតនៅចម្ងាយតែ ៨០០ម៉ែត្រប៉ុណ្ណោះពីប៉ុស្តិ៍ត្រួតពិនិត្យ ដែលជាស្នាក់ការរបស់ពួកតាលីបង់ ប៉ុន្តែយន្តហោះចម្បាំងបែរជា ធ្វើការវាយប្រហារទៅលើទីស្នាក់ប៉ូលិសទៅវិញ»

ដោយឡែកលោក Toor Jan ក៏បានប្រាប់ស៊ិនហួរ បន្ថែមទៀតដែរថា «យន្តហោះចម្បាំងរបស់បរទេស បានបើកការវាយប្រហារចំនួនពីរទីតាំង និងបានសម្លាប់កងកម្លាំងប៉ូលិសជាតិអាហ្វហ្គានីស្ថាន នៅហ្នឹង កន្លែងតែម្តងចំនួន ០៨នាក់»

ចំពោះកងកម្លាំងដែលដឹកនាំដោយអង្គការ NATO វិញ មិនទាន់បាន ធ្វើការបកស្រាយអ្វីនៅឡើយទេ ជុំវិញការលើកឡើងរបស់មន្ត្រីប៉ូលិសជាតិអាហ្វហ្គានីស្ថាន ដែលត្រូវបាន សារព័ត៌មានល្បីៗ លើពិភពលោក ដូច Guardian, AP, Reuters, និង BBC ជាដើមចុះផ្សាយយ៉ាងព្រោងព្រាត៕