Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាកសិករព្រមទទួលយក​ដំណោះស្រាយ បញ្ហាតម្លៃស្រូវ​របស់អភិបាលខេត្ត​បាត់ដំបង, ធនាគារស្រូវ​បន្តទិញស្រូវ​ដូចបានប្រកាស

18-09-2016 17:07

(បាត់ដំបង)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបង បានបញ្ជាក់ថា ជំនួបពិភាក្សាដោះស្រាយបញ្ហាស្រូវ រវាងអភិបាលខេត្តបាត់ដំបង និងប្រជាកសិករ បានបញ្ចប់ហើយ នៅរសៀលថ្ងៃទី១៨ ខែកញ្ញានេះ ដោយប្រជាកសិករ ព្រមទទួលយកដំណោះស្រាយ របស់អភិបាលខេត្ត ខណៈធនាគារស្រូវលោកឧកញ៉ា ភូ ពុយ បន្តទិញស្រូវកសិករ ក្នុងតម្លៃដែលបានកំណត់។

បើតាមការបញ្ជាក់មូលហេតុ នៃការផ្ទុះការតវ៉ា របស់ប្រជាកសិករ ដោយសារការមិនយល់ពីគ្នា រវាងប្រជាកសិករ និងអ្នកទិញស្រូវ។ ប្រជាកសិករដែលប្រមូលផលស្រូវរួច ពួកគាត់ ចង់លក់ស្រូវរបស់ខ្លួនឲ្យបានភ្លាមៗ ខណៈដែលលទ្ធផលនៃការទិញស្រូវ របស់ធនាគារស្រូវនៅមានកម្រិត ដោយក្នុងមួយថ្ងៃធនាគារស្រូវអាចទិញ ស្រូវត្រឹមតែ៨០០តោនប៉ុណ្ណោះ ព្រោះលទ្ធភាពនៃឡសម្ងួត។   

ភ្នាក់ងារ Fresh News បានបញ្ជាក់ថា បន្ទាប់ពីពិភាក្សាដែលមានការចូលរួមពីលោកអភិបាលខេត្តបាត់ដំបង ច័ន្ទ សុផល អ្នកតំណាងរាស្ត្រ ឡោក ហ៊ួរ និងមន្ត្រីជាច្រើនទៀត ប្រជាកសិករពួកគាត់បានយល់ច្បាស់ពីបញ្ហានេះ ។ លើសពីនេះលើកអភិបាលខេត្ត ក៏បានសន្យានឹងរៀបចំកិច្ចប្រជុំបន្ទាប់មួយ ជាមួយរោងម៉ាស៉ីនកិនស្រូវ នឹងស្វែងរកដំណោះស្រាយ និងរាយការណ៍ដល់ថ្នាក់ដឹកនាំ ដើម្បីជួបដោះស្រាយបន្ថែមទៀត។

ក្នុងជំនួបនោះ លោកអភិបាលខេត្តបានបញ្ជាក់ថា ធនាគារស្រូវនៅតែបន្តទិញស្រូវសែនក្រអូប របស់ប្រជាកសិករតម្លៃ ៨៤០រៀលក្នុង១គីឡូក្រាម ឬ៧បាតក្នុងគីឡូក្រាម ដូចបានប្រកាស ប៉ុន្តែក្នុង១ថ្ងៃ ធនាគារស្រូវមានលទ្ធភាពទិញស្រូវបានតែ ៨០០តោនប៉ុណ្ណោះ ដូច្នេះសូមប្រជាពលរដ្ឋយោគយល់ដល់បញ្ហានេះ។ ប៉ុន្តែក្នុងពេលខាងមុខសង្ឃឹមថា នឹងមានរោងម៉ាស៉ីនកិនស្រូវផ្សេងទៀត និងប្រមូលទិញស្រូវប្រជាកសិករដូចគ្នាដែរ។  

លោកអភិបាលខេត្តបានបន្ថែមថា សូមឲ្យប្រជាពលរដ្ឋរក្សានូវភាពអត់ធ្មត់ ប្រសិនបើមានក្រុមហ៊ុន ឬរោងម៉ាស៊ីនណាទិញលើសពី៨៤០រៀលក្នុង១គីឡូក្រាម សូមបងប្អូនលក់ចុះ ប៉ុន្តែប្រសិនបើទិញក្រោមតម្លៃនេះសូមកុំលក់៕