Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងរបៀបរបបការងាររបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍និងកាមរោគ

20-06-2024 21:23

(ភ្នំពេញ)៖ លោកស្រី អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹង ជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ បានដឹកនាំ «កិច្ចប្រជុំស្តីពីការពង្រឹងរបៀបរបបការងាររបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ និងប្រមូលធាតុចូលដើម្បីរៀបចំផែនការយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺអេដស៍ របស់ក្រសួងមហាផ្ទៃសម្រាប់ ឆ្នាំ២០២៣-២០២៨» រៀបចំធ្វើនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ អភិបាលរង រាជធានី ខេត្ត ស្នងការរង នៃស្នងការដ្ឋានរាជធានីខេត្ត សរុបចំនួន ១២០រូប។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកស្រីបានលើកឡើងថា គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ ដើរតួរជាសេនាធិការឲ្យក្រសួងមហាផ្ទៃ ដើម្បីចូលរួមបញ្ចប់អេដស៍ស្របតាមគោលនយោបាយជាតិនិងកម្មវិធីជាតិរបស់រដ្ឋាភិបាល នឹងគ្រោងបញ្ច្រាបក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពផងដែរ។

លោកស្រី ក៏បានបង្ហាញលទ្ធផលគន្លឹះៗនឹងសូមផ្តាំផ្ញើជូនទៅសមាជិក សមាជិកាទាំងអស់សូម ពាំនាំទៅជាមួយនូវភារកិច្ចទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន៖

១៖ បន្តរៀបចំ និងកែសម្រួលសមាសភាពគណៈកម្មាធិការ និងពង្រឹងរបៀបរបប ការងារជាពិសេសកិច្ចប្រជុំប្រចាំត្រីមាស របាយការណ៍ ការចុះតាមដាន ត្រួតពិនិត្យ

២៖ រដ្ឋបាលរាជធានី ខេត្ត សូមបន្តជំរុញ ចូលរួមសហការជាមួយរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្នុងការអនុវត្ត “សេចក្តីជូនដំណឹងលេខ ២១៣ សជណ.សស” ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ និងការប្រើប្រាស់កញ្ចប់ ថវិកា៨០ លានរៀល ៦០ លានរៀល និង ៤០ លានរៀល បានចំគោលដៅ ស័ក្តិសិទ្ធិភាពនិងប្រសិទ្ធភាពនៃការឆ្លើយតបនឹងជំងឺអេដស៍

៣៖ បន្តនែនាំដល់មន្ទីជំនាញ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ក្នុងការពង្រឹងការ ផ្តល់សេវាព្យាបាល និងដោះស្រាយបញ្ហាឲ្យអស់លទ្ឋភាពដល់អ្នកជំងឺដែលមិន មកបន្តការព្យាបាល

៤៖ បន្តនៃនាំដល់រដ្ឋបាលឃុំសង្កាត់ ក្រុង ស្រុក ខណ្ឌ ជាពិសេសមន្ត្រីជួរមុខដែលផ្ត ល់សេវារដ្ឋបាលសាធារណៈ ដោយបង្កើតបរិយាកាស មេត្រីភាព គ្មានការម៉ាក់ ងាយ រើសអើងជាដាច់ខាត ដល់ក្រុមជនរងគ្រោះ ។ ពិសេសឱ្យពួកគេ ផ្តល់ការ អប់រំផ្សព្វផ្សាយបន្តអំពីទីតាំងសេវា ពិគ្រោះយោបល់ ការធ្វើតេស្តដោយឥតគិត ថ្លៃដល់ ក្រុមគោលដៅដែលប្រឈមនឹងបញ្ហាអេដស៍។

គួរបញ្ជាក់ថា នៅចន្លោះឆ្នាំ២០២០-២០២១ ពេលដែលស្ថាប័នជាតិ និងពិភពលោកបង្ខំចិត្តបង្វែរ ធនធានដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០២១ ដើមឆ្នាំ២០២២ នេះមានការរីករាលដាល នៃជំងឺអេដស៍ផ្ទុះឡើងវិញជាមួយការកើនចំនួនឆ្លងថ្មី និងស្លាប់ ដោយសារ ជំងឺអេដស៍គួរឱ្យព្រួយបារម្ភ។

ដោយបញ្ហាជំងឺអេដស៍ដែលជាគ្រោះគម្រាមកំហែង ដល់សុខភាពសាធារណៈ រាជរដ្ឋាភិបាលកម្ពុជាសម្រាប់និតិកាលទី៧ នៃរដ្ឋសភាបានអនុម័ត ជាឯកឆន្ទដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។

គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣- ២០២៨ បានត្រូវរៀបចំឡើងជាឧបករណ៍ដ៏មុតស្រួចក្នុងការជំរុញការចូលរួមឆ្លើយតបមេរោគ អេដស៍ និងជំងឺអេដស៍ជាលក្ខណៈពហុវិស័យទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕