Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុនបង្ហាញការគាំទ្រជាបន្តបន្ទាប់នូវភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២២៤ របស់កម្ពុជា និងបន្តគាំទ្រភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៥

20-06-2024 14:46

(ហ្សឺណែវ, ស្វីស)៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបពិភាក្សាជាមួយលោកស្រី Tomiko Ichikawa ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃប្រទេសជប៉ុន ប្រចាំសន្និសីទស្តីពីការរំសាយសព្វាវុធ នៅទីក្រុងហ្សឹណែវ ប្រទេសស្វីស។

ភាគីទាំងពីរ បានសង្កត់ធ្ងន់ និងកោតសរសើរចំពោះតួនាទីសំខាន់របស់ អង្គភាពគាំទ្រការអនុវត្តអនុសញ្ញា (ISU) ក្នុងការផ្តល់ការគាំទ្រដល់រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ក្នុងការបំពេញកាតព្វកិច្ច និងការអនុវត្តតាមបទដ្ឋាននានានៃអនុសញ្ញា។

ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសន្យាបច្ចុប្បន្ន និងដំណើរការនៃជ្រើសរើសមុខដំណែងជានាយក ISU ថ្មី ព្រមទាំងបានយល់ព្រមលើភាពចាំបាច់សម្រាប់ការពិភាក្សា និងការពិគ្រោះយោបល់បន្ថែមទាក់ទងនឹងនីតិវិធីលើកិច្ចសន្យា និងការជ្រើសរើសនាយក ISU ថ្មី។

ភាគីទាំងពីរ បានពិភាក្សា និងគូសបញ្ជាក់អំពីតម្រូវការនានាសម្រាប់ការគាំទ្រជាបន្តបន្ទាប់នូវភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២២៤ របស់កម្ពុជា និងបន្តគាំទ្រភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៥ ដែលប្រទេសជប៉ុននឹងទទួលតួនាទី នាពេលខាងមុខនេះ៕