អាសូរណាស់លោកអើយ! ក្មេងប្រុសម្នាក់ចុះដងទឹកភ្លៀង បម្រុងនឹងហូប ត្រូវរន្ទះបាញ់ស្លាប់ នៅស្រុកភ្នំក្រវាញ
16-09-2016 22:36
(ពោធិ៍សាត់)៖ ក្មេងប្រុសអាយុ ០៩ឆ្នាំម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ យ៉ាងអាណោចអាធ័ម ខណៈកំពុងដងទឹកភ្លៀងបម្រុងនឹង ហូបចំមេឃកំពុងតែភ្លៀង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចតាំងលួច ភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនាល្ងាចនេះថា ក្មេងរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះ ហៀម វី អាយុ ០៩ឆ្នាំ ជាក្មេងកំព្រាម្តាយតាំងពីតូច មានឪពុកឈ្មោះ មៀម ហៀម អាយុ ៥៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការបានបន្តថា មុនពេលកើតហេតុក្មេងប្រុសរងគ្រោះ បានចុះទៅដងទឹកភ្លៀងនៅពាងជិតផ្ទះបម្រុងនឹងហូម ភ្លាមនោះមេឃស្រទុំលាយឡុំជាមួយភ្លៀង ស្រាប់តែរន្ទះបាញ់ បណ្តាលឲ្យក្មេងប្រុស ឈ្មោះ ហៀម វី ស្លាប់យ៉ាងអាណោចអាធមនៅនឹងកន្លែងកើតហេតុតែម្តង។
បច្ចុប្បន្នសាកសពក្មេងប្រុសរងគ្រោះ បានរៀបចំធ្វើបុណ្យនៅផ្ទះតាមប្រពៃណី៕