Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍ថ្មី៖ កូរ៉េខាងជើង អាចផលិតគ្រាប់បែកនុយក្លេអ៊ែរ ០៧គ្រាប់ ក្នុងមួយឆ្នាំនិងផលិតមីស៊ីល ដែលអាចបាញ់ដល់ដីអាមេរិកនៅអំឡុង ១០ឆ្នាំទៀត

13-09-2016 11:16

(​វ៉ាស៊ីនតោន)៖ សាស្ត្រាចារ្យមួយរូប មកពីសកលវិទ្យាល័យ Stanford ក្នុងសហរដ្ឋអាមេរិក លោក Siegfried Hecker បានអះអាងថា កូរ៉េខាងជើង អាចមានសមត្ថភាពផលិតគ្រាប់បែកនុយក្លេអ៊ែរ យ៉ាងហោចណាស់០៧គ្រាប់ នៅក្នុងមួយឆ្នាំ នៅឯរោងចក្រនុយក្លេអ៊ែរ Yongbyon ហើយមិនតែប៉ុណ្ណោះ ទីក្រុងព្យុងយ៉ាង ក៏អាចមានសមត្ថភាព ដាក់ពង្រាយគ្រាប់មីស៊ីល ដែលអាចបាញ់ ដល់សហរដ្ឋអាមេរិក នៅរយៈពេល១០ឆ្នាំ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ ២០១៦។

លោក Hecker ​ដែលធ្លាប់បានទៅធ្វើទស្សនកិច្ច រោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅកូរ៉េខាងជើង កាលពីឆ្នាំ ២០១០ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងអត្ថបទមួយ ចុះផ្សាយនៅលើគេហ័ទំព័រ 38 North ដោយលោកផ្ទាល់ ក៏បានអំពាវនាវផងដែរឱ្យមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ លើរបបដឹកនំា ទីក្រុងព្យុងយ៉ាង ដើម្បីរារំាងកម្មវិធីនុយក្លេអ៊ែរ និង មីស៊ីលផ្លោង ដ៏គ្រោះថ្នាក់សម្រាប់ សកលលោកនេះ។

សាស្ត្រាចារ្យខាងលើបានបន្ថែមថា​ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ កូរ៉េខាងជើង បានបាញ់ សាកល្បងអាវុធនុយក្លេអ៊ែរ ចំនួន៥លើករួចមកហើយរាប់ទំាង ការបាញ់សាកល្បងកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺកូរ៉េខាងជើងអាចនឹងអភិវឌ្ឍន៍ មីស៊ីលអន្តរទ្វីប (ឆ្លងទ្វីប) ដែលអាចបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក នៅរយៈពេល ១០ឆ្នាំ ខាងមុខ។

គួរបញ្ជាក់តាមលោក Siegfried Hecker ថា ការដាក់ទណ្ឌកម្ម និង ការដាក់ពង្រាយប្រព័ន្ធការពារ មីស៊ីលរបស់សហរដ្ឋអាមេរិក នៅលើទឹកដីកូរ៉េខាងត្បូង មិនទាន់គ្រប់គ្រាន់ឡើយ ខណៈដែលចិន មានឆន្ទៈតិចតួចណាស់ក្នុងការចូលរួម ត្បិតកូរ៉េខាងជើងជាសម្ព័ន្ធមិត្ត របស់ទីក្រុងប៉េកាំងនោះ៕