Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

GMAC អះអាងថា ប្រាក់ឈ្នួលកម្មករកម្ពុជា នៅឆ្នាំ ២០១៧ នឹងអាចដំឡើងបាន មិនលើសពី ១៤៤.២ ដុល្លារ

07-09-2016 16:26

(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានអះអាងប្រាប់រដ្ឋមន្រ្តីក្រសួងការងារថា ប្រាក់ឈ្នួលរបស់កម្មករ កម្ពុជាឆ្នាំ២០១៧ នឹងអាចដំឡើង បានត្រឹម ៣ភាគរយប៉ុណ្ណោះ ពោលគឺការដំឡើងនេះ នឹងមិនអាចកំណត់ឱ្យ លើសពី ១៤៤.២ដុល្លារក្នុង ១ខែ បាននោះទេ។

តាមរយៈលិខិតរបស់ GMAC ផ្ញើទៅកាន់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីម្សិលមិញ GMAC បានអះអាងថា «បច្ចុបន្ននេះវិស័យកាត់របស់យើង កំពុងស្ថិតនៅក្នុងស្ថានភាពកាន់តែលំបាកទៅៗ ដូច្នេះការកំណត់កែប្រែប្រាក់ឈ្នួល អប្បបរមាសម្រាប់ឆ្នាំ២០១៧ ត្រូវធ្វើឡើងក្នុងភាពត្រឹមត្រូវ និងប្រុងប្រយ័ត្នបំផុត ដើម្បីបន្តធានានូវ ភាពប្រកួតប្រជែង និងចីរភាពនៃវិស័យរបស់យើង។ សូចនាករសំខាន់ៗមួយចំនួន ដែលយើងបានឃើញ និងបានជាក្តីបារម្ភមានដូចជា ១. ការធ្លាក់ចុះនូវតម្លៃបញ្ជាទិញពី អ្នកបញ្ជាទិញ និងឬម្ចាស់ម៉ាក ២. ការធ្លាក់ចុះផលិតភាពការងារ ៣. អត្រាកំណើននៃទឹកប្រាក់នាំចេញមានការធ្លាក់ចុះ ៤.អត្រាកំណើននៃរោងចក្រថ្មី មានការធ្លាក់ចុះខណៈដែល ចំនួនរោងចក្របិទ មានការកើនឡើង។ល។»

យ៉ាងណាក៏ដោយ ភាគីនិយោជក សហជីព និង តំណាងរាជរដ្ឋាភិបាល (ក្រសួងការងារ) នឹងបើកកិច្ចប្រជុំមួយ នៅក្រសួងការងារ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីពិភាក្សាជុំវិញការស្នើតួលេខប្រាក់ឈ្នួល ដែលផ្តល់ដោយសហជីព និងភាគីខាងនិយោជក។

កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមសហជីព តំណាងកម្មករកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា បានបើកកិច្ចប្រជុំផ្ទៃក្នុងធំមួយ ដោយឯកភាពសម្រេចយកតួលេខ ១៧៩.៦ដុល្លារ សម្រាប់ដាក់បញ្ចូលក្នុងការចរចា លក្ខណៈត្រីភាគី នៅថ្ងៃទី៩ ខែកញ្ញានោះ។

ក្រុមសហជីពស្ទើតែទាំងអស់ បានលើកឡើងថា តួលេខនេះ មានលក្ខណៈសមស្របទៅនឹងការចំណាយ បច្ចុប្បន្នរបស់កម្មករ ដែលបានរកឃើញ ដោយក្រុមសហជីព និងអង្គការអន្តរជាតិ៕